ក្រសួងឧស្សាហកម្មប្រទេសឥណ្ឌូណេស៊ី បានប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងមិនអាចលក់ទូរស័ព្ទម៉ូដែលចុងក្រោយបំផុតរបស់ខ្លួន iPhone 16 គ្រប់សេរី រួមជាមួយ Apple Watch សេរីចុងក្រោយបង្អស់ នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានទេ។
តាមការចុះផ្សាយពីគេហទំព័របច្ចេកវិទ្យា GSMArena បានបង្ហាញថា មូលហេតុដែលឥណ្ឌូណេស៊ីហាមឃាត់ការលក់ទូរស័ព្ទ iPhone គឺដោយសារក្រុមហ៊ុន Apple មិនគោរពតាមគោលការណ៍វិនិយោគ នៅប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ាន។
ប្រទេសឥណ្ឌូណេស៊ីតម្រូវឲ្យក្រុមហ៊ុនទូរស័ព្ទបរទេស វិនិយោគ និងប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុកយ៉ាងហោចណាស់ ៤០% នៃផលិតផល ដែលត្រូវដាក់លក់លើទីផ្សារឥណ្ឌូណេស៊ី ហើយក្រុមហ៊ុន Apple មិនបានធ្វើតាមគោលការណ៍មួយនេះឡើយ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Agus Gumiwang Kartasasmita បានមានប្រសាសន៍ថា៖ បើសិនជាបានឃើញអ្នកប្រើប្រាស់ទូរស័ព្ទ iPhone 16 នៅក្នុងប្រទេសឥណ្ឌូណេស៊ី សូមរាយការណ៍ទៅកាន់អាជ្ញាធរ ព្រោះវាគឺជាផលិតផលខុសច្បាប់។
ទីភ្នាក់ងារព័ត៌មានរដ្ឋឥណ្ឌូណេស៊ី Antara ក៏បានបញ្ជាក់ដែរថា ភ្ញៀវទេសចរណ៍ និងបុគ្គលិកបម្រើការងារផ្នែកអាកាសចរណ៍ អនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទ iPhone 16 បានចំនួន ២គ្រឿងក្នុងម្នាក់ អំឡុងពេលស្នាក់នៅប្រទេសឥណ្ឌូណេស៊ី ក៏ប៉ុន្តែមិនមានសិទ្ធលក់ឲ្យប្រជាជនក្នុងស្រុកឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ Antara