តារាសម្ដែង និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែស្រស់ស្អាតទៅៗ ក្រោយមានស្វាមី និងត្រូវបានមិត្តរួមអាជីពហៅបែបបង្អាប់លេងថា លោកជំទាវៗពេញៗមាត់។ នីរ័ត្ន ក្លាយជាតារាស្រីហាយសូ ដែលកាន់កាបូប និងប្រើប្រាស់ឡានស៊េរីទំនើប។
ហ៊ិន ច័ន្ទនីរ័ត្ន ខុសពីតារាមួយចំនួន បើទោះជាក្រោយរៀបការហើយ តែការងារអ្នកនាង បែរជាកាន់តែកាន់ឡើង។ ស្វាមីក៏ជាអ្នកមានមុខមាត់ក្នុងសង្គមដែរនោះ តែលោក ពេជ្រ តាមចិត្តភរិយារូបស្រស់ ដោយបន្តការងារជាអ្នកសិល្បៈដដែល ហើយលោកថែមទាំងចូលរួមថតផ្សាយផលិតផលជាមួយភរិយាទៀតផង។
អ្នកសិល្បៈដូចគ្នាក៏លាន់មាត់សរសើរពីព្រេងវាសនាតារាស្រីវ័យ ៣៤ ឆ្នាំនេះថា កាន់តែស្អាត ហើយការរៀបចំខ្លួនក៏បែបអភិជនទៅតាមឋានៈស្វាមីផងដែរ ព្រមទាំងបានរស់នៅក្នុងភូមិគ្រឹះធំល្វឹងល្វើយ ឡានតម្រៀបគ្នាពេញមុខផ្ទះ។ កាន់តែពិសេសមានស្វាមីស្រលាញ់ ថ្នាក់ថ្នមមិនឲ្យឃ្នើសចិត្ត និងតែងលេចមុខក្នុងកម្មវិធីធំៗបណ្ដើរគ្នាត្រសង។ អ្នកគាំទ្រក៏សរសើរថារាសី នីរ័ត្ន ឡើងស្រឺតៗក្រោយមានស្វាមីជាមន្រ្តី ព្រោះទាំងការងារមិនបានថមថយហើយ សម្រស់កាន់តែក្មេងជាងវ័យទៅវិញ។
មិនតែប៉ុណ្ណោះគេសង្កេតឃើញថា ស្វាមី របស់អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន តាំងពីរៀបការរួចមក តាមនាងគ្រប់ជំហាន ថែមទាំងជាអ្នកថតភរិយាគ្រប់សកម្មភាពផងដែរ។ ងាកមកមើលការតុបតែងខ្លួន និងការលេង Style វិញពិធីការិនីរបស់ស្ថានីយទូរទស្សន៍បាយ័ន រូបនេះ កាន់តែប្លែក និងរបស់ប្រើប្រាស់សុទ្ធតែម៉ាកល្បីៗ។
ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឲ្យមហាជនស្ញប់ស្ញែងខ្លាំង ក្រោយចូលរោងការរៀបចំបែបអភិជនមិនចាញ់កូនសេដ្ឋីដទៃក្នុងស្រុកឡើយ ហើយភ្ញៀវទៀតសោតសុទ្ធតែជាថ្នាក់ដឹកនាំតាមស្ថាប័នធំៗ និងអ្នកជំនួញលំដាប់ប្រទេស៕