ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline បានសម្ពោធជើងហោះហើរទី១របស់ខ្លួន រវាងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម លោក Dang Ngoc Hoa បានថ្លែងថា ការហោះហើរត្រង់រវាងរដ្ឋធានីទាំងពីរជាផ្លូវការនឹងរួមចំណែកបង្កើនបណ្តាញតភ្ជាប់រវាងប្រទេសទាំងពីរ។
លោកបានប្រកាសថា ក្រៅពីតួនាទីជាស្ពានដឹកជញ្ជូនអ្នកដំណើរ ឬទំនិញ ការហោះហើរត្រង់ក៏ជាឯកអគ្គរដ្ឋទូតផងដែរ ដែលចូលរួមក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ជើងហោះហើរដឹកអ្នកដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ជាលក្ខណៈហោះហើរត្រង់ (Direct Scheduled Flight) ជាការបន្ថែមលើជើងហោះហើរជាប្រវត្តិសាស្ត្រ ហាណូយ-វៀងចន្ទន៍-ភ្នំពេញ-ហូជីមិញ ដែលបានចាប់ផ្តើមដំណើរការអស់ជាង២០ឆ្នាំកន្លងមក។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំនិងជឿជាក់ថា ការបើកដំណើរការជើងហោះហើរត្រង់ចាប់ពីថ្ងៃនេះ នឹងចូលរួមចំណែកសម្រួលការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់នូវជម្រើសកាន់តែប្រសើរឡើងថែមទៀតជូនអ្នកដំណើរតាមផ្លូវអាកាស ជាពិសេសធុរៈជន និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមជាមួយការជម្រុញពីព្រឹត្តកម្មសេវាកម្មកញ្ចប់ទេសចរណ៍រវាងប្រទេសយើងទាំងពីរផងដែរ»។
លោកបន្ថែមថា ការសម្ពោធជើងហោះហើរត្រង់នាថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យផ្លែផ្កាដល់ចំណងមិត្តភាពកាន់តែជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសយើងទាំងពីរផងដែរ។
របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំឱ្យមានការហោះហើរត្រង់ផ្សារភ្ជាប់ពីរាជធានីនិងរដ្ឋធានីនៃបណ្តាប្រទេសអាស៊ានចំនួន៨ គឺបាងកក កូឡាឡាំពួ សិង្ហបូរី ហ្សាការតា ម៉ានីល វៀងចន្ទន៍ រ៉ងហ្គូន និងហាណូយ ដោយនៅខ្វះតែរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ។
សូមជម្រាបជូនថា ក្នុងរយៈពេល៩ខែឆ្នាំនេះ នៅកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់និងសកលលោកដោយក្នុងនោះ ពី៨ប្រទេសក្នុងតំបន់អាស៊ាន ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួមជាដើម៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងទេសចរណ៍