ស្ថាបនិកក្រុមហ៊ុន Re Edge Architecture លោក ហ៊ុន ចាន់សាន ដែលមានបទពិសោធន៍ការងារក្នុងវិស័យស្ថាបត្យកម្មជាង ១៣ ឆ្នាំ ក៏ជាអ្នកដឹកនាំដ៏ល្អដែលអ្នកជំនាន់ក្រោយគួរយកគំរូតាម។
កាលពីដើមឆ្នាំ ២០២៤ កន្លងទៅ លោកបានចូលរួមកម្មវិធី Alternative Approaches for Adapting and Thriving in the Creative & Media Industries ក្រោមប្រធានបទ ”មេរៀននៃភាពជាអ្នកដឹកនាំក្នុងការធ្វើឱ្យមានតុល្យភាពភាពច្នៃប្រឌិត និងបានផលចំណេញ” លោកក៏បានលើកឡើងពីរបៀបដឹកនាំខ្លះៗ ជូនដល់អ្នកចូលរួមផងដែរ។
លោកបានលើកឡើងថា សម័យឌីជីថលនេះកាន់តែជឿនលឿនទៅមុខខ្លាំងហើយ ហើយនៅក្នុងវិស័យស្ថាបត្យកម្ម ស្ថាបត្យករជាមនុស្សរបស់សង្គមជាតិដែលមានកាតព្វកិច្ចបម្រើផលប្រយោជន៍រួមទៅអ្នកដទៃដោយប្រើវិជ្ជាជីវៈ វិទ្យាសាស្ត្រ សិល្បៈក្នុងខ្លួន។ ដូចនេះលោក ហ៊ុន ចាន់សាន រីករាយដែលបានឃើញមានស្ថាបត្យករកម្ពុជាពូកែៗជាច្រើនកំពុងរីកធំធាត់កាន់តែច្រើន ហើយលោកក៏កាន់តែសប្បាយចិត្ត ព្រោះជំនាញស្ថាបត្យកម្មទាមទារឱ្យបានឃើញ បានប៉ះ បានប្រើប្រាស់ និងអនុវត្តន៍ផ្ទាល់ ធ្វើឱ្យស្ថាបត្យករកាន់តែមានភាពច្នៃប្រតិដ្ឋ និងមានគំនិតថ្មីបន្ថែម។
ក្នុងនាមជាអ្នកដឹកនាំវិញម្ចាស់ Re Edge Architecture បានគិតគូរ និងយកចិត្តទុកដាក់ដល់អតិថិជនដែលទទួលសេវាកម្មលោកដោយរៀបចំឱ្យបានល្អិតល្អន់ និងដិតដល់ឲ្យសមនឹងតម្លៃ ហើយធ្វើយ៉ាងណាឲ្យការងារបានល្អបំផុត សម្រាប់ភាគីទាំងសងខាងតែម្ដង។
កាលពីពេលកន្លងទៅថ្មីៗនេះស្ថាបត្យករល្បីឈ្មោះ បានចូលរួមកម្មវិធី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមប្រធានបទ «បដិវត្តកម្មបញ្ញាសិប្បនិម្មិត និងយុទ្ធសាស្ត្រត្រៀមខ្លួនសម្រាប់អនាគតកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម។
ហ៊ុន ចាន់សាន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅក្នុងប្រទេសសិង្ហបុរីនាឆ្នាំ ២០០០ យុវជនដែលមានឪពុកម្តាយជាអាជីវកររស់នៅក្នុងរាជធានីភ្នំពេញ រូបនេះបានជ្រើសរើសយកការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Massachusetts college of Art and Design នាទីក្រុង Boston របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០១ និងបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០០៦។ ក្រោយមករូបលោកក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Northeastern University ក្នុងទីក្រុង Boston នៃរដ្ឋ Massachusetts ដដែលរហូតដល់ទទួលបានជោគជ័យក្នុងឆ្នាំ ២០០៩។
ហ៊ុន ចាន់សាន ជនជាតិខ្មែរតែម្នាក់គត់ដែលធ្លាប់ជាប់ឈ្មោះក្នុងតារាងបុគ្គលអាស៊ីល្បីៗទាំង ៥០នាក់ ចុះផ្សាយដោយសារព័ត៌មានអន្តរជាតិសិង្ហបុរីកាលពីពេលកន្លងទៅ។
ទទួលបាននូវគម្រោងធំៗជាច្រើនដូចជា សណ្ឋាគារ Lumiere ការិយាល័យរបស់ក្រុមហ៊ុន Chip Mong Insee (រោងចក្រផលិតស៊ីម៉ងត៍នៅកំពត) និងទីស្នាក់ការកណ្តាលរបស់ធនាគារ ABA និងស្ថាបត្យកម្មរបស់ Rose Apple Square ខេត្តសៀមរាបជាដើម៕