កម្ពុជា សម្រេចបើកស្ថានអគ្គកុងស៊ុលប្រចាំខេត្តហឺណាន ដើម្បីជំរុញការវិនិយោគ និងទេសចរណ៍

កម្ពុជា សម្រេចបើកស្ថានអគ្គកុងស៊ុលប្រចាំខេត្តហឺណាន ដើម្បីជំរុញការវិនិយោគ និងទេសចរណ៍

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ នាយករដ្ឋមន្ត្រីបានណែនាំឱ្យស្ថាប័នជំនាញ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណានក្នុងប្រទេសចិន។

សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាសហការជាមួយស្ថានឯកអគ្គរដ្ឋទូតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់ និងមានសក្តានុពលខ្ពស់។

តាមដានជាមួយយើង៖ Million Times

សម្តេចនាយករដ្ឋមន្រ្តីក៏បានណែនាំដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និងប្រ សិទ្ធភាព ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។

សូមជម្រាបថា ថ្មីៗនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន បានឯកភាពរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន១លាននាក់ក្នុងមួយឆ្នាំ និងការជំរុញបង្កើនជើងហោះហើររវាងកម្ពុជានិងចឹងចូវឱ្យបានច្រើនជាងមុន។

ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោកស្រី ចាង មីង (Zhang Min) សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការទេសចរណ៍គ្រប់ជ្រុងជ្រោយរវាងក្រសួងទេសចរណ៍កម្ពុជានិងរដ្ឋបាលខេត្តហឺណាននៃប្រទេសចិន និងគម្រោងវិថីសូត្រផ្លូវអាកាសហឺណាន-កម្ពុជា-អាស៊ាន (Henan-Cambodia-ASEAN Air Silk Road – HCAR)។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានលើកឡើងពីកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោសៅលីញកម្ពុជា» ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការជំរុញរំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន១លាននាក់ក្នុងមួយឆ្នាំ និងការជំរុញបង្កើនជើងហោះហើររវាងកម្ពុជានិងចឹងចូវឱ្យបានច្រើនជាងមុន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី