វិនិយោគិនឥណ្ឌូនេស៊ីដែលមានជំនួញជាង ៣០ក្នុងដៃនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

វិនិយោគិនឥណ្ឌូនេស៊ីដែលមានជំនួញជាង ៣០ក្នុងដៃនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

អតីតទេសរដ្ឋមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ច និងជាអ្នកជំនួញល្បីល្បាញលំដាប់មហាសេដ្ឋីលេខរៀងទី៧ របស់ឥណ្ឌូនេសុី មហាសេដ្ឋី Chairul Tanjung គ្រោងនឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខដើម្បីមើលឱកាសបោះទុនវិនិយោគ។ នេះបើតាមជំនួបរវាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក Chairul Tanjung នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

លោក Chairul Tanjung ជាប្រធានក្រុមហ៊ុន CTCORP ដែលវិនិយោគលើវិស័យជាច្រើន រួមមានប្រព័ន្ធផ្សព្វផ្សាយដូចជា៖ Trans TV, Trans 7, Detik Network, CNBC Indonesia, CNN Indonesia, Transvision Channels, Transvision+, Female Daily, Trans Media Sosial, Haibunda, និង Beautynesia។

តាមដានជាមួយយើង៖ Million Times

វិស័យម្ហូបអាហារម៉ាកល្បីៗដូចជា Wendy’s, Baskin Robbins, The Coffee Bean & Tea Leaf, Bakso Boedjangan, Warung Wardani Bali, និង Warunk Upnorma។វិស័យរចនាម៉ូតរួមមាន ម៉ាកល្បីៗដូចជា Jimmy Choo, Versace, Mango, និងម៉ាកផ្សេងៗមួយចំនួន។ វិស័យហិរញ្ញវត្ថុរួមមាន ធនាគា PT Bank Mega Tbk, PT Mega Capital Indonesia, Mega Life Insurance, Mega Auto Finance និង Mega Finance។

លើសពីនេះ លោក Chairul Tanjung ក៏មានក្រុមហ៊ុនបម្រើសេវាលើវិស័យទេសចរណ៍ ការរៀបចំឯកសារដំណើរកំសាន្ត និងផ្នែកអចលនទ្រព្យ រួមមានសម្ព័នក្រុមហ៊ុន Para Group, និងមាន Bandung Supermall ដ៏ធំមួយនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេសុី។

ក្នុងជំនួបពិសារអាហារមិត្តភាព លោក Chairul Tanjung ប្រធានក្រុមហ៊ុន CTCORP បានលើកឡើងថា កាលពីជិត២០ឆ្នាំមុន លោកបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ហើយបើប្រៀបធៀបកម្ពុជាពេលនោះ និងពេលបច្ចុប្បន្ន គឺមានភាពខុសគ្នាឆ្ងាយខ្លាំងណាស់ ព្រោះកម្ពុជាសព្វថ្ងៃនេះ មានសុខសន្តិភាព ប្រកបដោយភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាពិេសសការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចបានយ៉ាងសស្រាក់សស្រាំ។ 

លោកបានសន្យានឹងមកទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តសៀមរាប នឹងតំបន់សំខាន់មួយចំនួននៅកម្ពុជានាពេលខាងមុខឆាប់ៗនេះ និងកៀរគរអ្នកវិនិយោគផ្សេងទៀត ដើម្បីមកពិនិត្យសិក្សាឱកាសវិនិយោគលើវិស័យសំខាន់ៗផងដែរ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម