ទស្សនាវដ្ដី Newsweek របស់អាមេរិក បានជ្រើសរើសក្រុមហ៊ុន អាយអិនជី ហូលឌីង របស់សេដ្ឋីស្រុកខ្មែរ អ៊ឹង ប៊ុនហ៊ូវ ដែលជាជំនួញជាច្រើនប្រភេទក្នុងដៃ ធ្វើបទសម្ភាសន៍ពិសេសមួយកាលពីពេលថ្មីៗនេះ។
សម្រាប់ប្រធានបទដែលក្រុមហ៊ុន អាយអិនជី ហូលឌីង របស់អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ត្រូវឡើងបកស្រាយគឺទាក់ទងពី «វឌ្ឍនភាព និងចក្ខុវិស័យនៃដំណើរការអាជីវកម្ម»។
បើតាមការឲ្យដឹងពី ក្រុមហ៊ុនសេដ្ឋីប្រចាំស្រុកខ្មែរ បានបញ្ជាក់ថា អាយអិនជី ត្រូវបានទស្សនាវដ្តី Newsweek ជ្រើសរើស ដើម្បីធ្វើកិច្ចសម្ភាសន៍ស្ដីពី «វឌ្ឍនភាព និងចក្ខុវិស័យនៃដំណើរការអាជីវកម្ម» ដែលជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពីសមិទ្ធផល សក្ដានុពល និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា នៅក្នុងការបោះពុម្ពពិសេសរបស់ទស្សនាវដ្ដីដ៏ល្បីរបស់ខ្លួនទៅកាន់ទស្សនិកជនទូទាំងពិភពលោក។
ជាកិត្តិយសបំផុតសម្រាប់ស្ថាប័នទស្សនាវដ្ដី Newsweek ល្បីល្បាញលំដាប់ពិភពលោកមួយនេះ ដែលទទួលបានឱកាសពិសេសពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
ក្រៅពី ក្រុមហ៊ុន អាយអិនជី ហូលឌីង ហើយ Newsweek ក៏បានចុះផ្សាយពីបុគ្គលឆ្នើមក្នុងវិស័យជំនួញរបស់កម្ពុជាជាច្រើនរូបទៀត៕