សេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ីមានចាប់ពីភូមិសាស្ត្រនយោបាយ និងគ្រឿងញៀន ដល់ប្រព័ន្ធទូទាត់ជំនួសប្រាក់ដុល្លារ រហូតដល់បញ្ញាសិប្បនិម្មិត និងសូម្បីតែការអភិរក្សសត្វឆ្មាធំ ប៉ុន្តែខ្វះព័ត៌មានលម្អិតលើបញ្ហាសំខាន់ៗមួយចំនួន។
បើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua សេចក្តីថ្លែងការណ៍មានបទប្បញ្ញត្តិសរុបចំនួន១៣៤ ក្នុងនោះបាននិយាយអំពីកំណែទម្រង់របស់អង្គការសហប្រជាជាតិ។ BRICS៖ “ពួកយើងនៅតែបង្ហាញការគាំទ្រ ចំពោះកំណែទម្រង់នៃអង្គការសហប្រជាជាតិ UN រាប់បញ្ចូលទាំងការកែប្រែក្រុមប្រឹក្សាសន្តិសុខ ដែលបង្ហាញនូវភាពប្រជាធិបតេយ្យជាងមុន និងប្រសិទ្ធភាពជាងមុន”។
ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ BRICS បានប្ដេជ្ញាថ្កោលទោសដាច់អហង្ការ ចំពោះអំពើភេរវកម្មគ្រប់រូបភាព និងអំពាវនាវឱ្យមានការអនុម័តភ្លាមៗនូវអនុសញ្ញាស្តីពីភេរវកម្មអន្តរជាតិនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ខណៈសេចក្ដីប្រកាសរួមនោះ ក៏ផ្ដោតសំខាន់លើបញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន។
ប្រមុខរដ្ឋដែលបានចូលរួមកិច្ចប្រជុំ BRICS ក៏បានកត់សម្គាល់ពីសារៈសំខាន់នៃការបង្កើតរដ្ឋអធិបតេយ្យ និងឯករាជ្យរបស់ប៉ាឡេស្ទីន ក្នុងព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ កាលពីខែមិថុនា ឆ្នាំ១៩៦៧ ហើយបានសម្តែងការគាំទ្រចំពោះសមាជិកភាពពេញលេញ របស់ប៉ាឡេស្ទីននៅក្នុងអង្គការសហប្រជាជាតិថែមទៀត។
ចំណុចគួរឲ្យកត់សម្គាល់បន្ថែមទៀត មេដឹកនាំ BRICS បានបង្ហាញក្ដីបារម្ភជាខ្លាំងជុំវិញផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃទណ្ឌកម្មឯកតោភាគីខុសច្បាប់លើសេដ្ឋកិច្ចពិភពលោក ដោយកត់សម្គាល់ថា វាជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច ថាមពល សន្តិសុខស្បៀង និងធ្វើឱ្យភាពក្រីក្រកាន់តែធ្ងន់ធ្ងរ។ ពួកគេក៏បានអំពាវនាវឲ្យមានការកំណែទម្រង់នៃស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិនាពេលបច្ចុប្បន្ន ដើម្បីអាចឆ្លើយតបទៅនឹងបញ្ហាហិរញ្ញវត្ថុ ឲ្យកាន់តែមានភាពប្រសើរ និងយុត្តិធម៌ជាងមុនផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ប្រទេសជាសមាជិក BRICS បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់រុស្ស៊ី បង្កើតការជួញដូរគ្រាប់ធញ្ញជាតិរវាងក្រុម BRICS ដោយបន្ថែមថាវេទិកាពាណិជ្ជកម្ម អាចនឹងត្រូវបានពង្រីកនៅពេលក្រោយ ដើម្បីរួមបញ្ចូលវិស័យកសិកម្មបន្ថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ CNBC