កម្ពុជាពុំទាន់ឯកភាពគាំទ្រគំនិតផ្តួចផ្តើមគម្រោងទិដ្ឋាការប្រទេស៦ គោលដៅ១ របស់ថៃ

កម្ពុជាពុំទាន់ឯកភាពគាំទ្រគំនិតផ្តួចផ្តើមគម្រោងទិដ្ឋាការប្រទេស៦ គោលដៅ១ របស់ថៃ

ក្រសួងទេសចរណ៍ចេញមកបញ្ជាក់ថា កម្ពុជាពុំទាន់មានការឯកភាពគាំទ្រគំនិតផ្តួចផ្តើមគម្រោងទិដ្ឋាការ «ប្រទេស៦ គោលដៅ១» របស់ថៃនៅឡើយទេ ដោយកម្ពុជាបានត្រឹមកត់សម្គាល់ និងស្នើសុំភាគីថៃផ្តល់ឯកសារពាក់ព័ន្ធផ្លូវការ។

ការបញ្ជាក់របស់ក្រសួងទេសចរណ៍ដូច្នេះបន្ទាប់ពីមានការផ្សព្វផ្សាយថា កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមខាងលើនៅក្នុងជំនួបជាមួយតំណាងភាគីថៃកាលពីថ្ងៃទី២១តុលាកន្លងទៅ។ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងទេសចរណ៍ បញ្ជាក់ថា លោក ហ៊ួត ហាក់ បានត្រឹមកត់សម្គាល់លើគំនិតផ្តួចផ្តើមនេះ និងបានស្នើសុំភាគីថៃផ្តល់ឯកសារពាក់ព័ន្ធដែលគ្រប់ជ្រុងជ្រោយមកឱ្យកម្ពុជាតែប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

តាមរយៈសេចក្តីបំភ្លឺក្រសួងទេសចរណ៍អះអាងថា នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​គឺ​គ្រាន់​តែ​បាន​កត់​សម្គាល់លើគំនិតផ្តួចផ្តើម«Six countries, One Destination» និងស្នើឱ្យ​ភាគី​ថៃ ​​ផ្តល់ឯកសារទស្សនទាន​ និងឯកសារពាក់ព័ន្ធ​​​តាមផ្លូវការទូត។ ជាមួយគ្នានេះ ដើម្បីចៀសវាង​ការ​ភាន់ច្រឡំ ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មាន​កែតម្រូវ និងបញ្ឈប់​​ការ​​ផ្សាយ​ព័ត៌មាន ​ដែលប្រាសចាកពីជំហរពិតប្រាកដរបស់ក្រសួង​​។

បើតាមសារព័ត៌មានក្នុងស្រុកថៃ គម្រោងទិដ្ឋាការរួមនេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន កាលពីខែមេសា ដោយបានពិភាក្សាជាមួយកម្ពុជា ឡាវ ម៉ាឡាស៊ី មីយ៉ាន់ម៉ា និងវៀតណាម។ គួរឲ្យដឹងថា ថៃ និងវៀតណាម ក៏បានពិភាក្សាគ្នា​ពីការដាក់សាក​ល្បង​លើទិដ្ឋាការទេសចរណ៍មួយនេះ កាលពីថ្ងៃទី៩ ខែតុលា​កន្លងទៅផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងទេសចរណ៍