តម្លៃភាគហ៊ុនក្រុមហ៊ុន Trump Media & Technology Group របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានកើនឡើងដល់ចំណុចខ្ពស់បំផុត កាលពីថ្ងៃទី២២ ខែតុលា បន្ទាប់ពីមហាសេដ្ឋីម្នាក់នេះ ហាក់ទទួលបាននូវសម្លេងគាំទ្រច្រើន និងសង្ឃឹមខ្លាំងសម្រាប់ការបោះឆ្នោតនាថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។
តាមរយៈការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បានអះអាងថា ភាគហ៊ុនរបស់ក្រុមហ៊ុនលោកត្រាំ កើនឡើង ៩% ដល់ចំនួន ៣៤,១៧ដុល្លារក្នុងមួយហ៊ុន ពោលគឺបានកើនឡើងជិត ៣ដង បើធៀបនឹងចំណុចទាបបំផុត កាលពីចុងខែកញ្ញា។
កំណើនតម្លៃហ៊ុនខ្លាំងបែបនេះ ក៏បានរុញច្រានទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាមេរិក ដែលមានភាគហ៊ុនក្នុងដៃ ៥៧% ប្រមាណ ៤ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានសរុប ៦,៥ពាន់លានដុល្លារ។
សូមជម្រាបដែរថា តាមការស្រង់មតិពីគេហទំព័រភ្នាល់ធំៗដូចជា Oddschecker និង Polymarket បានបង្ហាញថា លោកដូណាល់ ត្រាំ មានសង្ឃឹមយកឈ្នះគូប្រជែង អ្នកស្រីកាម៉ាឡា ហារីស រហូតដល់ ៦៤% ខណៈគេហទំព័រ Reuters បានបង្ហាញទិន្នន័យស្រង់មតិថា លោកស្រីហារីស មានសង្ឃឹម ៤៦% និងលោកត្រាំ មាន ៤៣% ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកថ្មី៕
អត្ថបទ៖ Luffy រូបភាព៖ CNBC