ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS លើកទី១៦ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីក្រុង Kazan ភាគនិរតីនៃប្រទេសរុស្ស៊ី។ សន្និបាតរយៈពេល៣ថ្ងៃនឹងក្លាយជាការជួបជុំដ៏ធំបំផុតរបស់មេដឹកនាំពិភពលោកនៅក្នុងប្រទេសរុស្ស៊ី ដែលវិមានក្រឹមឡាំងត្រូវបានលោកខាងលិចថ្កោលទោសក្នុងសង្គ្រាមលើអ៊ុយក្រែន។
BRICS តំណាងឱ្យប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ក្រុមនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៦ ហើយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនបានកោះប្រជុំសម្រាប់កិច្ចប្រជុំកំពូលលើកដំបូងក្នុងឆ្នាំ២០០៩ ខណៈប្រទេសអាហ្វ្រិកខាងត្បូងបានចូលរួមមួយឆ្នាំក្រោយមក។ គោលបំណងនៃសម្ព័ន្ធភាពគឺដើម្បីប្រជែងនឹងភាពផ្តាច់មុខខាងសេដ្ឋកិច្ច និងនយោបាយរបស់លោកខាងលិច។ ក្រុមនេះកំណត់អាទិភាព និងមានការពិភាក្សារៀងរាល់មួយឆ្នាំម្តងធ្វើការផ្លាស់ប្តូរវេនជាម្ចាស់ផ្ទះ។
នៅឆ្នាំ២០២៣ BRICS បានបន្តការឪបក្រសោបឱ្យរួមបញ្ចូលអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម បន្ទាប់ពីប្រទេសទាំងនេះបានដាក់ពាក្យចូលជាសមាជិក។ អារ៉ាប៊ីសាអូឌីត មិនទាន់បានចូលរួមជាផ្លូវការនៅឡើយទេ ប៉ុន្តែប្រទេសផ្សេងទៀតមានបំណងចូលរួមក្នុងអង្គការនេះ។
តើមេដឹកនាំណាខ្លះកំពុងចូលរួមកិច្ចប្រជុំកំពូល BRICS?
សារព័ត៌មាន Al Jazeera បានផ្សាយថា សម្រាប់ការចូលរួមបើកកិច្ចប្រជុំកំពូលកាលពីថ្ងៃអង្គារ មាននាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa កំពុងចូលរួមកិច្ចប្រជុំកំពូលនេះ និងប្រទេសសមាជិក។ ប្រធានាធិបតី UAE លោក Mohamed bin Zayed Al Nahyan ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi និងនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed ទាំងអស់បានចុះចតនៅទីក្រុង Kazan សម្រាប់ចូលរួមកិច្ចប្រជុំកំពូលផងដែរ។ មេដឹកនាំនៃប្រទេសមួយចំនួនទៀតដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយ BRICS ក៏ចូលរួមដែរ ក្នុងនោះមានប្រធានាធិបតីទួរគី Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ផង។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានលុបចោលការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីបន្ទាប់ពីបានរងរបួសក្បាលក្នុងការដួលនៅគេហដ្ឋានរបស់លោកកាលពីថ្ងៃទី១៩ ខែតុលា ហើយចាត់រដ្ឋមន្ត្រីក្រសួងការបរទេសមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏កំពុងចូលរួមផងដែរ ហើយត្រូវបានគេរំពឹងថានឹងជួបជាមួយលោក Putin នៅថ្ងៃព្រហស្បតិ៍។
តើមានអ្វីនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល?
ប្រធានបទសំខាន់នៃសមាជិក BRICS គឺការមិនសប្បាយចិត្តរបស់ពួកគេជាមួយនឹងស្ថាប័នអភិបាលកិច្ចពិភពលោកដែលដឹកនាំដោយលោកខាងលិច ជាពិសេសនៅពេលនិយាយអំពីសេដ្ឋកិច្ច។ ទណ្ឌកម្មដែលបានដាក់លើរុស្ស៊ីបន្ទាប់ពីការវ៉ៃលុកក្នុងឆ្នាំ២០២២លើអ៊ុយក្រែនបានធ្វើឱ្យប្រទេសសកលលោកខាងត្បូងជាច្រើនមានការព្រួយបារម្មណ៍។ ដល់ទីបញ្ចប់ ដៃគូ BRICS ចង់កាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក និងប្រព័ន្ធ SWIFT ដែលជាបណ្តាញផ្ញើសារអន្តរជាតិសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុដែលធនាគាររុស្ស៊ីត្រូវបានផាស់ចេញកាលពីឆ្នាំ២០២២។
នៅឆ្នាំ២០២៣ ប្រធានាធិបតីប្រេស៊ីល បានស្នើសុំរូបិយប័ណ្ណជួញដូរសម្រាប់សមាជិក BRICS ។ ប៉ុន្តែអ្នកជំនាញបានព្រមានថា គំនិតផ្តួចផ្តើមបែបនេះអាចនឹងជួបបញ្ហាប្រឈម។ កាលពីខែសីហា រដ្ឋមន្ត្រីការបរទេសឥណ្ឌាក៏បានសម្តែងការព្រួយបារម្ភផងដែរ ថាតើរូបិយប័ណ្ណ BRICS អាចមានភាពប្រាកដប្រជាប៉ុណ្ណា។ ផ្ទុយទៅវិញ សមាជិក BRICS ឥឡូវនេះកំពុងធ្វើការលើការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ពួកគេបន្ថែមទៀតសម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដើម្បីការពារពួកគេពីការប្រែប្រួលរូបិយប័ណ្ណ និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ។
ហេតុអ្វីបានជាកិច្ចប្រជុំកំពូលមានសារៈសំខាន់សម្រាប់លោក ពូទីន?
ចាប់តាំងពីរុស្ស៊ីបានវ៉ៃលុកចូលទឹកដីអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ ប្រទេស និងមេដឹកនាំរបស់ខ្លួនកាន់តែមានភាពឯកោ។ មួយខែបន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាម ប្រទេសកាណាដា សហភាពអឺរ៉ុប ជប៉ុន នូវែលសេឡង់ តៃវ៉ាន់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មមួយចំនួនលើធនាគាររុស្ស៊ី រោងចក្រចម្រាញ់ប្រេង និងការនាំចេញយោធា។ ចាប់តាំងពីពេលនោះមក មានការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី និងសម្ព័ន្ធមិត្ត។
ដីកាចាប់ខ្លួនរបស់ ICC សម្រាប់លោកពូទីន បានធ្វើឲ្យលោកមិនអាចធ្វើដំណើរទៅកាន់ប្រទេសដែលជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាអង្គការសហប្រជាជាតិ។ នៅឆ្នាំ២០២៣ លោកបានរំលងកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង ដែលជាភាគីនៃសន្ធិសញ្ញានេះ ចំពេលមានសម្ពាធលើទីក្រុង Pretoria ក្នុងការឃុំខ្លួនមេដឹកនាំរុស្ស៊ី ប្រសិនបើលោកចូលរួម។ មេដឹកនាំលោកខាងលិច ក៏មិនមានបំណងចូលរួមជាមួយលោក ពូទីន ក្នុងការកំណត់ពហុភាគីណាមួយដែរ។ ជាមួយគ្នានោះ លោកពូទីន បានរំលងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌាកាលពីឆ្នាំមុន ទោះបីជាទីក្រុងញូវដែលីមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមក៏ដោយ។
តើពូទីនកំពុងព្យាយាមផ្តល់សញ្ញាអ្វីទៀត?
សាររបស់លោក ពូទីន ប្រឆាំងនឹងលោកខាងលិច ដែលបង្ហាញដោយរូបភាពនៃមេដឹកនាំពិភពលោកជាមួយលោកនៅក្នុងកិច្ចប្រជុំកំពូល BRICS ក៏និយាយអំពីការជំរុញឱ្យមានការចរចាលើសង្រ្គាមនៅអ៊ុយក្រែន នៅពេលដែលការអំពាវនាវឱ្យមានការចរចាដើម្បីបញ្ចប់សង្រ្គាមកំពុងកើនឡើងនៅក្នុងសហគមន៍អន្តរជាតិ។ ឥណ្ឌាដែលជាសមាជិក BRICS ដ៏សំខាន់ និងជាប្រពៃណីជាដៃគូរុស្ស៊ីដ៏គួរឱ្យទុកចិត្ត បាននិងកំពុងធ្វើការយ៉ាងសកម្មជាមួយទាំងទីក្រុងម៉ូស្គូ និងទីក្រុង Kyiv ដើម្បីនាំពួកគេឱ្យកាន់តែខិតជិតដល់កិច្ចសន្ទនាមួយ។
នាយករដ្ឋមន្ត្រីឥណ្ឌា Modi បានទៅទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីខែកក្កដា ដើម្បីជំរុញលោក Putin ឆ្ពោះទៅរកការចរចា។ បន្ទាប់មកលោកបានធ្វើដំណើរទៅទីក្រុង Kyiv ក្នុងខែសីហា។ លោកបានជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ម្តងទៀតនៅទីក្រុងញូវយ៉កនៅក្រៅនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា មុនពេលត្រឡប់ទៅប្រទេសរុស្ស៊ីក្នុងខែតុលា សម្រាប់កិច្ចប្រជុំកំពូលនៅក្រុង Kazan ។
តើអ្វីដែល BRICS កំពុងពង្រីកខ្លួន?
ខណៈក្រុម BRICS កំពុងបន្តពង្រីក បណ្តាប្រទេសអាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងសម្ព័ន្ធភាពនេះ។ ក្នុងកិច្ចសន្ទនា BRICS ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដែលប្រារព្ធធ្វើនៅប្រទេសរុស្ស៊ីកាលពីថ្ងៃទី១១ ខែមិថុនា ថៃបាននិយាយថា ខ្លួនចង់ចូលរួម។
កាលពីថ្ងៃទី១៨ ខែមិថុនា ម៉ាឡេស៊ីបានសម្តែងចំណាប់អារម្មណ៍ក្នុងការក្លាយជាផ្នែកមួយនៃ BRICS មុនពេលនាយករដ្ឋមន្ត្រីចិនលោក Li Qiang បំពេញទស្សនកិច្ចនៅប្រទេសនេះ។ សមាជិកណាតូ តួកគីក៏បានស្នើជាផ្លូវការឱ្យចូលរួមក្រុម BRICS ក្នុងខែកញ្ញាដែរ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AFP