មេដឹកនាំចិនលោក Xi Jinping មេដឹកនាំឥណ្ឌាលោក Narendra Modi និងមេដឹកនាំពិភពលោកផ្សេងទៀតបានមកដល់ទីក្រុង Kazan កាលពីថ្ងៃអង្គារសម្រាប់កិច្ចប្រជុំកំពូល BRICS នៃប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ដែលវិមានក្រឹមឡាំងសង្ឃឹមថានឹងប្រែក្លាយទៅជាចំណុចប្រមូលផ្តុំសម្រាប់ការប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិចក្នុងកិច្ចការពិភពលោក។
សារព័ត៌មាន AP បានចុះផ្សាយថា សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កិច្ចប្រជុំរយៈពេលបីថ្ងៃនេះក៏ផ្តល់នូវមធ្យោបាយដ៏មានឥទ្ធិពលមួយ ដើម្បីបង្ហាញពីការបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសរុស្ស៊ី ជុំវិញសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ទីប្រឹក្សាកិច្ចការបរទេសរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានហៅព្រឹត្តិការណ៍នេះជាគោលនយោបាយការបរទេសដ៏ធំបំផុតមិនធ្លាប់មាន ដោយមានប្រទេសចំនួន ៣៦ចូលរួម និងមានជាង ២០ក្នុងចំណោមតំណាងដោយប្រមុខរដ្ឋ។ សម្ព័ន្ធភាពដែលដំបូងឡើយមានតែ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានពង្រីកយ៉ាងឆាប់រហ័សដើម្បីឱបក្រសោបប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ ថ្មីៗនេះ ប្រទេសទួរគី អាស៊ែបៃហ្សង់ និងម៉ាឡេស៊ីបានដាក់ពាក្យជាផ្លូវការដើម្បីក្លាយជាសមាជិក ហើយមួយចំនួនទៀតបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួម។
ក្រុមអ្នកសង្កេតការណ៍មើលឃើញថា កិច្ចប្រជុំកំពូល BRICS ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំងដើម្បីបង្ហាញការគាំទ្រពីសកលលោកខាងត្បូងចំពេលមានភាពតានតឹងកើនឡើងជាមួយលោកខាងលិច ស្របពេលដែលមានគម្រោងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងដែលបានស្នើឡើងរួមមាន ការបង្កើតប្រព័ន្ធទូទាត់ថ្មីដែលនឹងផ្តល់ជម្រើសជំនួសបណ្តាញផ្ញើសាររបស់ធនាគារពិភពលោក SWIFT និងអនុញ្ញាតឱ្យទីក្រុងម៉ូស្គូគេចផុតពីទណ្ឌកម្មរបស់លោកខាងលិច និងការធ្វើពាណិជ្ជកម្មជាមួយដៃគូ។
លោក Putin ដែលនឹងរៀបចំកិច្ចប្រជុំទ្វេភាគីប្រហែល ២០ នៅខាងក្រៅនោះ បានជួបពិភាក្សាជាមួយលោក Xi jingping, លោក Narendra Modi និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa នៅថ្ងៃអង្គារមុនពេលបើកកិច្ចប្រជុំកំពូល។
ក្នុងការស្វាគមន៍លោក Xi លោក Putin បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” ប៉ុន្មានសប្តាហ៍មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅឆ្នាំ២០២២។ ពួកគេបានជួបគ្នាពីរដងរួចហើយនៅឆ្នាំនេះគឺនៅទីក្រុងប៉េកាំងក្នុងខែឧសភា និងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសកាហ្សាក់ស្ថានក្នុងខែកក្កដា។
ក្នុងជំនួបនោះ លោក Xi និងលោក Putin បានរំលេចពីទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថាជាកត្តាស្ថិរភាពសំខាន់មួយនៅលើឆាកអន្តរជាតិ។ លោកបានប្តេជ្ញាថានឹងពង្រីកការសម្របសម្រួលលើវេទិកាពហុភាគីទាំងអស់ ដើម្បីជាប្រយោជន៍ដល់ស្ថិរភាពពិភពលោក និងសណ្តាប់ធ្នាប់ពិភពលោកដោយយុត្តិធម៌។
កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយឥណ្ឌាក៏មានការរីកចម្រើនផងដែរ។ ញូវដែលីបានចាត់ទុកទីក្រុងម៉ូស្គូជាដៃគូសាកល្បងពេលវេលាចាប់តាំងពីសម័យសង្រ្គាមត្រជាក់ បើទោះបីជារុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធជាមួយគូប្រជែងសំខាន់របស់ឥណ្ឌាគឺចិនក៏ដោយ។
សម្ព័ន្ធមិត្តលោកខាងលិចចង់ឱ្យឥណ្ឌាកាន់តែសកម្មក្នុងការបញ្ចុះបញ្ចូលទីក្រុងមូស្គូឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោក Modi បានជៀសវាងការថ្កោលទោសរុស្ស៊ី ប៉ុន្តែសង្កត់ធ្ងន់ទៅលើដំណោះស្រាយដោយសន្តិវិធី។
លោក Modi ដែលបានទៅបំពេញទស្សនកិច្ចលើកចុងក្រោយនៅរុស្ស៊ីកាលពីខែកក្កដា បានថ្លែងថា យើងគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតសន្តិភាព និងស្ថិរភាពលឿនបំផុត។ លោក ពូទីន បានសាទរចំពោះអ្វីដែលលោក Modi បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រដ៏មានឯកសិទ្ធិរវាងរុស្ស៊ី និងឥណ្ឌា។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Ramaphosa ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់លើការខិតខំរួមគ្នារបស់ពួកគេសម្រាប់ សណ្តាប់ធ្នាប់សកលពហុប៉ូលដោយយុត្តិធម៌ និងបានលើកឡើងជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក BRICS ដើម្បីបង្កើតប្រព័ន្ធទូទាត់ឯករាជ្យថ្មី។
នៅថ្ងៃព្រហស្បតិ៍នេះ លោក ពូទីន ក៏គ្រោងនឹងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលនឹងមកបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេលជាងពីរឆ្នាំ។ លោក Guterres បានរិះគន់ម្តងហើយម្តងទៀតនូវសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP