សហរដ្ឋអាមេរិកផ្តល់មូលនិធិជាង ១៧លានដុល្លារឲ្យកម្ពុជាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងដោះមីន

សហរដ្ឋអាមេរិកផ្តល់មូលនិធិជាង ១៧លានដុល្លារឲ្យកម្ពុជាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងដោះមីន

សហរដ្ឋអាមេរិកផ្តល់មូលនិធិសរុបជាទឹកប្រាក់ជាង ១៧លានដុល្លារសម្រាប់អនុវត្តកិច្ចការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងសកម្មភាពដោះមីននៅប្រទេសកម្ពុជា ដែលមានរយៈពេល ៥ឆ្នាំ។

តាមរយៈសន្និសីទសារព័ត៌មាននៅវត្តស្វាយធំ ខេត្តសៀមរាប នាថ្ងៃទី២២ ខែតុលានេះ អ្នកស្រី Power នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) បានប្រកាសពីគម្រោងរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ដោយសន្យាផ្តល់មូលនិធិចំនួន ៤លានដុល្លារសម្រាប់ឆ្នាំដំបូងនៃគម្រោងនេះ។

តាមដានជាមួយយើង៖ Million Times

លោកស្រីក៏បានប្រកាសផ្តល់មូលនិធិចំនួនជាង ១លានដុល្លារសម្រាប់ការងារគាំទ្រការអង្កេតថ្នាក់ជាតិដំបូង ដើម្បីវាយតម្លៃកម្រិតនៃធាតុដែកធ្ងន់ ដូចជា ជាតិសំណ និងជាតិអាសេនិក ក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ ក្នុងបរិស្ថាន និងផលិតផលផ្សេងៗ ព្រមទាំងផ្តល់មូលនិធិថ្មីចំនួន ១២លានដុល្លារដើម្បីគាំទ្រសកម្មភាពដោះមីន រួមទាំងការបោសសម្អាតគ្រាប់មីន និងការអប់រំអំពីគ្រោះថ្នាក់សម្រាប់សហគមន៍មូលដ្ឋានផងដែរ។ 

លោកស្រីបន្តថា USAID នៅតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍរបស់ខ្លួន ដោយកែលម្អសុខភាពរបស់ប្រជាជនកម្ពុជា រួមទាំងលុបបំបាត់ជំងឺរបេងឲ្យអស់ កុំឲ្យគំរាមកំហែងសុខភាព នៅត្រឹមឆ្នាំ២០៣០ ការពារការប៉ះពាល់ដោយសារតែកម្រិតនៃធាតុដែកធ្ងន់ដូចជាជាតិសំណ ក្នុងចំណោមម្តាយនិងកុមារ និងពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហានៃការគំរាមកំហែង មកលើសុខភាពសាធារណៈនាពេលអនាគត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ USAID