រយៈពេលមិនដល់មួយឆ្នាំផង វៀតណាមផ្លាស់ប្ដូរប្រធានាធិបតីរហូតដល់ ៤រូប

រយៈពេលមិនដល់មួយឆ្នាំផង វៀតណាមផ្លាស់ប្ដូរប្រធានាធិបតីរហូតដល់ ៤រូប

រយៈពេលតែជាង ១០ខែប៉ុណ្ណោះ ប្រទេសវៀតណាមបានផ្លាស់ប្ដូរប្រធានាធិបតីចំនួន ៤រូបហើយ ហើយការផ្លាស់ប្ដូរក្បាលម៉ាស៊ីននៃជួររដ្ឋាភិបាលវៀតណាមជាញឹកញាប់បែបនេះ កើតឡើងបន្ទាប់ពីលោក Vo Van Thuong ត្រូវបានបង្ខំឲ្យចុះចេញពីតំណែងជាប្រធានាធិបតី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធជាមួយករណីពុករលួយ។

តាមដានជាមួយយើង៖ Million Times

នៅថ្ងៃទី២២ ខែមីនា លោកស្រី Vo Thi Anh Xuan អនុប្រធានាធិបតីវៀតណាម ត្រូវបានតែងតាំងជាប្រធានាធិបតីស្ដីទី ហើយកាន់តួនាទីនេះបានរយៈពេលត្រឹម ៦២ថ្ងៃ តំណែងកំពូលមួយនេះ ក៏ត្រូវបានផ្ទេរទៅកាន់បុគ្គលទី៣។

បុគ្គលក្លាយជាប្រធានាធិបតីទី៣ នៅក្នុងឆ្នាំនេះ គឺលោក To Lam ដែលមានតំណែងជាអគ្គលេខាធិការបក្សកុម្ម៉ុយនីស្ត និងជាតំណែងកំពូលនៅក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំនៃប្រទេសវៀតណាម។

លោក To Lam បានក្លាយជាប្រធានាធិបតីទី១៣ ក្នុងប្រវត្តិសាស្ត្រវៀតណាម ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានប្រកាសលាលែងពីតំណែង និងចង់ផ្ដោតតែលើការងារ ជាអគ្គលេខាធិការបក្សតែមួយមុខវិញ។

ចំណែកឯ ប្រធានាធិបតីទី៤ គឺឧត្ដមសេនីយ Luong Cuong ដែលទើបទទួលបានការតែងតាំងថ្មីថ្មោង ពីសភាកាលពីថ្ងៃទី២១ ខែតុលា ដោយទទួលបានសម្លេងគាំទ្រ ១០០% ពីសមាជិក ៤៤០នាក់នៅសភា។

មុនក្លាយជាប្រធានាធិបតី លោក Luong Cuong ក៏ជាបុគ្គលមួយរូប ដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងវិស័យយោធាវៀតណាម និងជាក្បាលម៉ាស៊ីនទី៥ នៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំវៀតណាម បន្ទាប់ពីអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។

គួររំលឹកបន្តិចថា អាណត្តិដឹកនាំរបស់ប្រធានាធិបតីវៀតណាម គឺត្រូវបានកំណត់រយៈពេល ៥ឆ្នាំ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៦ មិនដែលមានប្រធានាធិបតីរូបណា អាចកាន់តំណែងបានពេញមួយអាណត្តិស្រួលបួលឡើយ ពោលគឺអាចកាន់បានយ៉ាងយូរ ២ឆ្នាំកន្លះប៉ុណ្ណោះ ក៏ត្រូវផ្ទេរតួនាទីទៅកាន់បុគ្គលដទៃទៀត ជាហេតុធ្វើឲ្យរយៈពេល ៨ឆ្នាំចុងក្រោយ វៀតណាមបានផ្លាស់ប្ដូរប្រធានាធិបតីផ្លូវការដល់ទៅ ៦រូប៕

អត្ថបទ៖ Luffy រូបភាព៖ បរទេស