នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះមហាសេដ្ឋីផ្នែកកសិកម្ម ម៉ុង ឬទ្ធី បានបង្ហើបពីចំនួនភ្ញៀវទេសចរណ៍ដែលបានទៅកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាប្រចាំថ្ងៃមានអ្នកលេង ២ម៉ឺននាក់។
សេដ្ឋីល្បីឈ្មោះថាមានភាពសាមញ្ញរូបនេះបាននិយាយថា ការបង្កើតដោយសារពេលទៅបរទេស ឃើញប្រជាជនកម្ពុជា ឲ្យតែរដូវបុណ្យទានដឹងតែទៅដើរលេងកម្សាន្តស្រុកគេមានជិតមានឆ្ងាយ។ ដូចនេះដើម្បីទាក់ទាញទេសចរក្នុងស្រុកកុំឲ្យទៅបរទេសច្រើនពេក ទើបបង្កើតជាកសិទេសចរណ៍នេះឡើង។
កសិទេសចរណ៍នេះ គឺដើម្បីឲ្យអ្នកមកកម្សាន្តពេលឃើញការដុះដាំ ចិញ្ចឹមសត្វផ្សេងៗអាចរៀន និងចេះ។ មួយវិញទៀតការបង្កើតតំបន់រមណីយដ្ឋានមួយនេះ ដើម្បីកុំឲ្យប្រជាជនក្នុងស្រុកចំណាយច្រើន ក្នុងការដើរលេងកន្លែងរបស់លោក។ សម្រាប់របស់កម្សាន្តផ្សេងៗទៀតក៏មិនថ្លៃដែរ ដោយលោកកសាងឡើង ទោះជាដឹងថាមិនអាចរួចថ្លៃដើមក្នុងការសាងសង់ក៏ហីចុះ។
មានប្រសាសន៍ក្នុងបទសម្ភាសន៍នោះថែមទៀតថា ដីដែលលោកបណ្ឌិតកសាងជាកសិ-ទេសចរណ៍លោកបានទិញជាង២០ ឆ្នាំកន្លងមកហើយ និងចាប់ផ្ដើមអភិវឌ្ឍជាបន្តបន្ទាប់។ ចំណែកការកសាងទីនោះឡើង លោកក៏មិនមានកម្ចីពីធនាគារ ឬចូលហ៊ុនជាមួយនរណាម្នាក់ឡើយ ពោលគឺពង្រីកដោយថវិកានៃក្រុមគ្រួសារលោកផ្ទាល់ ដូចនេះហើយការអភិវឌ្ឍមិនសូវជាបានលឿនដូចក្រុមហ៊ុន ឬកន្លែងដទៃឡើយ។
ក្នុងរយៈពេលមួយថ្ងៃមានអ្នកទេសចរដែលមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាមានប្រមាណជា ២ ម៉ឺននាក់ក្នុងមួយថ្ងៃ។ ដែលចំនួននេះ ធ្វើឲ្យស្ថាបនិកនៃក្រុមហ៊ុន Mong Rithy Group Ltd សប្បាយចិត្តខ្លាំងមិននឹកស្មានដល់ រហូតដល់ឡូរីកន្លែងលោកដឹកភ្ញៀវមិនទាន់។
ចំនួនភ្ញៀវទេសចរច្រើនធ្វើឲ្យអាជីវករលក់ដូរទទួលបានប្រាក់កម្រៃកាន់តែច្រើន ដែលនោះជាចន្តកាលអភិវឌ្ឍជនបទ កុំឲ្យមានការកកកុញនៅទីក្រុង ហើយបងប្អូនអាជីវករបានចំណូលទៅទាំងស្រុង ដោយមិនបានបង់ថ្លៃសេវាអ្វីទាំងអស់ដល់លោក តែបណ្ឌិតរូបនេះ ពិតជាសប្បាយចិត្តទៅវិញ៕