ប្រមុខរាជរដ្ឋាភិបាលបន្តចេញមកបញ្ជាក់ពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍ត្រីកោណ CLV-DTA បើទោះបីកម្ពុជា សម្រេចដកខ្លួនចេញដោយមានការយល់ព្រមពីភាគីឡាវ និងវៀតណាមហើយក្តី។ ការបញ្ជាក់ម្តងហើយម្តងទៀតពីមេដឹកនាំកម្ពុជា ធ្វើឡើងក៏ដោយសារតែគណបក្សប្រឆាំងនៅក្រៅប្រទេសបន្តនិយាយរឿង CLV ដែលរាជរដ្ឋាភិបាលអះអាងថា ការដាក់តំបន់អភិវឌ្ឍន៍ក្នុងក្របខណ្ឌត្រីកោណCLV គឺជាការដាក់ដើម្បីអភិវឌ្ឍន៍ប្រទេស ជំរុញការអនុវត្តនៅតំបន់ភូមិភាគឦសាន្ត មិនមែនដាក់តំបន់អភិវឌ្ឍន៍នេះ ដើម្បីកាត់ខេត្តឲ្យប្រទេសណាមួយនោះឡើយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញថា រយៈពេល២៥ឆ្នាំមកនេះ កម្ពុជាមិនដែលធ្វើការអភិវឌ្ឍណាមួយឱ្យបាត់បង់ទឹកដីនោះទេ។ ប៉ុន្ដែក្រុមអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូច នៅតែបន្តលើកឡើងបំភ្លៃការពិត ដើម្បីតែកេញចំណេញនយោបាយរបស់ពួកគេ លើកិច្ចសហប្របត្តិការអភិវឌ្ឍខេត្តភូមិភាគឦសាននេះ។
ចំពោះទង្វើដដែលរបស់ក្រុមជ្រុលនិយម សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ដែលបំភ្លៃការពិត ញុះញង់ពលរដ្ឋពាក់ព័ន្ធនឹងកិច្ចសហប្របត្តិការអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម ឈានទៅបង្កើតចលនាផ្ដួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ខណៈកិច្ចសហប្រតិបត្តិការនេះ ពេលឯកភាពនៅក្នុងរដ្ឋសភាពួកគេក៏មានវត្តមានក្នុងនោះដែរ។
សម្ដេចបញ្ជាក់ថា ការបំផុសរឿង CLV-DTA គឺអាចបំផុសឱ្យខ្មែរបែកបាក់ផ្ទៃក្នុង ដែលនេះគឺជាចេតនាដ៏អាក្រក់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ខណៈដែលកម្ពុជាខិតខំយ៉ាងលំបាក ដើម្បីស្វែងរកសន្ដិភាពជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ជាមួយគ្នាេនះ សម្ដេចនាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទៅស្គាល់ខេត្តភូមិភាគឦសាន សូមទៅទស្សនាស្វែងយល់ខេត្តភាគឦសានកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងការតភ្ជាប់ខេត្តដែលរាជរដ្ឋាភិបាលបានធ្វើ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី