យុទ្ធនាការរកសន្លឹកឆ្នោតរបស់គណបក្សលោកស្រីហារីស ចំណាយថវិកា ២៧០លានដុល្លារ

យុទ្ធនាការរកសន្លឹកឆ្នោតរបស់គណបក្សលោកស្រីហារីស ចំណាយថវិកា ២៧០លានដុល្លារ

២សប្ដាហ៍ទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងកើតមានឡើង ខណៈគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កំពុងដុតដៃដុតជើង ខ្នះខ្នែងឃោសនារកសន្លឹកឆ្នោត។

តាមដានជាមួយយើង៖ Million Times

របាយការណ៍ពីសារព័ត៌មាន Reuters បានបង្ហាញថា គិតតែក្នុងខែកញ្ញា គណបក្សប្រជាធិបតេយ្យ ដែលមានលោកស្រីកាម៉ាឡា ហារីស ជាបេក្ខភាពតំណាង ប្រជែងតំណែងប្រធានាធិបតី បានចំណាយថវិកា ប្រមាណ ២៧០លានដុល្លារ សម្រាប់យុទ្ធនាការឃោសនារកសន្លឹកឆ្នោត។

ក្នុងខែដដែលនោះ គណបក្សប្រជាធិបតេយ្យ ទទួលបានការឧបត្ថម្ភ និងរៃអង្គាស បានទឹកប្រាក់ ២២២លានដុល្លារ ដែលមានន័យថា គណបក្សបានដកថវិកាពីបក្ស ជិត ៤៨លានដុល្លារ ដើម្បីអាចធ្វើយុទ្ធនាការក្នុងខែកញ្ញា។

គួររំលឹកបន្តិចថា គណបក្សប្រជាធិបតេយ្យ មានអ្នកឧបត្ថម្ភ និងការចំណាយ លើយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ច្រើនជាងគណបក្សសាធារណរដ្ឋរាល់ខែ ក៏ប៉ុន្តែបើមើលពីសន្ទុះនៃការគាំទ្រវិញ ឃើញថាមិនលើសខ្វះគ្នាប៉ុន្មានឡើយ។

តួយ៉ាង កញ្ចប់ថវិកាសម្រាប់ប្រើប្រាស់លើយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ប្រចាំខែតុលា គណបក្សប្រជាធិបតេយ្យ មានចំនួនច្រើនជាងគណបក្សសាធារណរដ្ឋជាង ៦០លានដុល្លារ ពោលយុទ្ធនាការឃោនារកសន្លឹកឆ្នោតរបស់លោកស្រីហារីស មាន ១៨៧លានដុល្លារ ខណៈយុទ្ធនាការឃោសនារកសន្លឹកឆ្នោតរបស់លោកដូណាល់ ត្រាំ មានត្រឹម ១២០លានដុល្លារប៉ុណ្ណោះ។

សូមជម្រាបដែរថា ផ្អែកតាមការស្រង់មតិពីគេហទំព័រ ABC បានឲ្យដឹងថា ត្រឹមថ្ងៃទី២១ ខែតុលា បេក្ខភាពប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ទទួលបានសម្លេងគាំទ្រ ៤៨,១% ខណៈលោក ដូណាល់ ត្រាំ ទទួលបានសម្លេងគាំទ្រ ៤៦,៤%៕

អត្ថបទ៖ Luffy រូបភាព៖ NYT