មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានប្រកាសបរិច្ចាគទឹកប្រាក់មួយលានដុល្លាររៀងរាល់ថ្ងៃ ទៅកាន់អ្នកគាំទ្រគណបក្សសាធារណរដ្ឋ ដែលមានលោកដូណាល់ ត្រាំ ឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីអាមេរិក រហូតដល់ថ្ងៃបោះឆ្នោត ដែលធ្វើនៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។
តាមរយៈការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កាលពីថ្ងៃទី១៩ ខែតុលា Elon Musk បានហុចសែកសាច់ប្រាក់ តម្លៃមួយលានដុល្លារ ទៅកាន់សមាជិកម្នាក់នៃក្រុម America PAC អំឡុងព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្រលោកត្រាំ នៅទីក្រុង Harrisburg នៃរដ្ឋ Pennsylvania។
នៅថ្ងៃបន្ទាប់ មេធំ Tesla រូបនេះ ក៏បានហុចសែកសាច់ប្រាក់មួយលានដុល្លារសន្លឹកទីពីរ ទៅកាន់ស្ត្រីម្នាក់ ដែលជាអ្នកចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំរបស់ក្រុម America PAC ក្នុងទីក្រុង Pittsburg នៃរដ្ឋ Pennsylvania ដដែល។
មហាសេដ្ឋី Elon Musk បានដាក់លក្ខខណ្ឌក្នុងការទទួលបាននូវសាច់ប្រាក់មួយលានដុល្លារនោះ ដោយអ្នកចូលរួមទាំងអស់ ត្រូវតែជាបុគ្គលមានសិទ្ធបោះឆ្នោត និងរស់នៅក្នុងរដ្ឋចំនួន ៧ មានដូចជា Arizona, Georgia, Michigan, Nevada North Carolina, Pennsylvania និង Wisconsin ដ្បិតរដ្ឋទាំង៧ នេះ គឺមានសន្ទុះអ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យខ្លាំងដូចគ្នា។
គួរជម្រាបដែរថា សេចក្ដីប្រកាសចែកលុយ ១លានដុល្លារជារៀងរាល់ថ្ងៃ របស់មហាសេដ្ឋីអាមេរិក កាន់តែជួយឲ្យសម្លេងគាំទ្រលោក ដូណាល់ ត្រាំ កើនឡើងមួយកម្រិតបន្ថែមទៀត ជាពិសេសគឺសន្ទុះអ្នកគាំទ្រនៅរដ្ឋ Pennsylvania ដែលជារដ្ឋសំខាន់ក្នុងការកំណត់យកអ្នកឈ្នះ ចាញ់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ Reuters