អភិបាលខេត្តពីររូបរួមគ្នាប្រលែងបង្កងចំនួន ២០០០ក្បាលចូលក្នុងបឹងតាកែវ

អភិបាលខេត្តពីររូបរួមគ្នាប្រលែងបង្កងចំនួន ២០០០ក្បាលចូលក្នុងបឹងតាកែវ

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ អភិបាលខេត្តចំនួនពីររូប គឺលោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានប្រលែងបង្កងចំនួន ២,០០០ក្បាល ស្មើនឹង ១៥០គីឡូក្រាម ចូលក្នុងបឹងតាកែវ ដើម្បីអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ។

គូរឲ្យដឹងថា បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។

តាមដានជាមួយយើង៖ Million Times

បើតាមរដ្ឋបាលខេត្តតាកែវ បង្កងធម្មជាតិ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងកោះអណ្តែត។

ក្រៅពីបង្កង ខេត្តតាកែវ ក៏ជាខេត្តមួយ ដែលមានភាពល្បីល្បាញខ្លាំង ពងទាកូនស្រែរនោង ដែលមានឱជារសឈ្ងុយឆ្ងាញ់ខុសពីពងទាកូនផ្សេងៗ ព្រោះថាការភ្ញាស់ដោយប្រើប្រាស់បច្ចេកទេសធម្មជាតិ (ភ្ញាស់ដោយអង្កាម)។

សូមបញ្ជាក់ថា ខេត្តតាកែវ មានឡភ្ញាស់ពងទាកូនចំនួន ៧៦កន្លែង បរិមាណស៊ុតទា (សាប ប្រៃ និងកូន) នាំចេញទៅកាន់ទីផ្សារក្នុងខេត្ត និងក្រៅខេត្តបានចំនួន ៣៤២.០០០ពង/ថ្ងៃ មានកសិដ្ឋានចិញ្ចឹមបង្កងចំនួន ១០កន្លែងទូទាំងខេត្ត និងបរិមាណផលបង្កង ក្នុងមួយឆ្នាំសរុប ៦៧តោន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តតាកែវ