ទ្រព្យសម្បត្តិភាគច្រើនរបស់មហាសេដ្ឋីនី Truong My Lan រួមទាំងភាគហ៊ុននៅក្នុងក្រុមហ៊ុន និងទ្រព្យសម្បត្តិដទៃនឹងនៅតែរឹបអូសក្នុងគោលបំណងផ្តល់សំណងដល់ជនរងគ្រោះក្នុងសំណុំរឿងក្លែងបន្លំសញ្ញាប័ណ្ណ។
តុលាការប្រជាជននៃទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍បានរកឃើញថា លោកស្រី Lan មានទោសពីបទបោកបញ្ឆោតអ្នកវិនិយោគរាប់ពាន់នាក់តាមរយៈការចេញសញ្ញាប័ណ្ណដែលមានតម្លៃ ៣០ពាន់ពាន់លានដុង ឬ១.២ ពាន់លានដុល្លារអាមេរិក និងប្រើប្រាស់ប្រាក់សម្រាប់គោលបំណងផ្ទាល់ខ្លួន។ នេះបើតាមកាសែត VNExpress ចុះផ្សាយ។
តុលាការបានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោកស្រីភាគច្រើនគួរតែនៅតែត្រូវបានរឹបអូស រួមទាំងភាគហ៊ុន ១៨% របស់លោកស្រីនៅក្នុងក្រុមហ៊ុនបណ្តាក់ទុនដែលកាន់កាប់ Vietcombank – Bonday – Ben Thanh Building ដែលជាអគារខ្ពស់មួយក្នុងទីក្រុងហូជីមិញ។ លើសពីនេះ ក៏រួមបញ្ចូលផងដែរនូវភាគហ៊ុនចំនួន ៤.៥ ពាន់ពាន់លានដុង និង ៦០០ពាន់លានដុងនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Ngoc Vien Dong និង FWD Insurance ។
តុលាការបាននិយាយថា លោកស្រី Lan បានបង់ប្រាក់ ១៥.៧ ពាន់ពាន់លានដុងដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Bitexco Group ដើម្បីទទួលបានអគារ The Spirit of Saigon ក្នុងតំបន់ ១ របស់ទីក្រុងហូជីមិញ ប៉ុន្តែ ៤ពាន់ពាន់លានដុងបានមកពីការក្លែងបន្លំ SCB ប៉ុន្តែលោកស្រីបាននិយាយថា អង្គហេតុជុំវិញកិច្ចព្រមព្រៀងនេះមានជម្លោះ ហើយបានបញ្ជាឱ្យប៉ូលិសបន្តការស៊ើបអង្កេត។
ចៅក្រមបានសម្រេចដកការចោទប្រកាន់ចំពោះអគារមួយស្ថិតនៅលើផ្លូវ 29 Lieu Giai ទីក្រុងហាណូយ ដែលជាកម្មសិទ្ធិរបស់កូនស្រីរបស់លោកស្រី Lan ដោយនិយាយថាវាមិនពាក់ព័ន្ធនឹងករណីនេះទេ។ តុលាការក៏បានបិទគណនីរបស់ប្តីរបស់លោកស្រី Lan គឺលោក Eric Chu ចាប់តាំងពីលោកបានបង្វិលប្រាក់ចំនួន ៣៣ពាន់លានដុងដែលបានមកពីជំនួញបោកគក់។
គណនីធនាគារដែលមាន ១០ពាន់លានដុងដែលជាកម្មសិទ្ធិរបស់បងប្រុសរបស់លោកស្រី Lan ក៏មិនត្រូវបានបង្កកដែរ ប៉ុន្តែគណនីដែលមានតម្លៃ ១០០ពាន់លានដុងដែលជាកម្មសិទ្ធិរបស់សមាជិកគ្រួសារមួយចំនួននៅតែត្រូវបានបង្កក។
គួរឲ្យដឹងថា លោកស្រី Lan ត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតពីបទក្លែងបន្លំទ្រព្យសម្បត្តិ ការលាងលុយកខ្វក់ និងការផ្ទេរប្រាក់ឆ្លងដែនខុសច្បាប់ ដែលត្រូវបានតុលាការសម្រេចកាត់ក្តីកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខណៈកាលពីខែមេសា លោកស្រីត្រូវបានកាត់ទោសប្រហារជីវិតពីបទកេងបន្លំប្រាក់ ៦៧៧ពាន់ពាន់លានដុង ឬ២៧ពាន់លានដុល្លារ ពីធនាគារ Saigon Commercial Bank ប៉ុន្តែលោកស្រី បានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ VnExpress