ហាងលក់ពូក ខ្នើយដែលតែទទួលបានភាពល្បីល្បាញខ្លាំងមួយរយៈនេះ តាមរយៈវីដេអូកំប្លែងដែលសម្ដែងដោយប្ដីប្រពន្ធម្ចាស់ ស្ថាបនិក សុបិន្ដល្អ លក់ពូកសុខភាពតែម្ដង។
សម្រាប់ស្ថាបនិកហាងសុបិន្ដល្អ លក់ពូកសុខភាព គឺលោក តោ ថាំរ៉ុង និងភរិយា គីមចេង ពិតជាសាងកេរ្តិ៍ឈ្មោះកាន់តែល្បីទាំងផលិតផល និងឃ្លីបវីដេអូដែលប្ដីប្រពន្ធគូនេះ ផលិតឡើង ដើម្បីវាយលុកទីផ្សារដោយខ្លួនឯង។ ជោគជ័យនៃអាជីវកម្មពូក ខ្នើយ និងសម្ភារៈគេង មួយនេះបានធ្វើឲ្យសុបិន្ដល្អ លក់ពូកសុខភាព ពង្រីកសាខាបានច្រើន។
លោក តោ ថាំរ៉ុង ឲ្យដឹងថា កត្តាធ្វើឲ្យអាជីវកម្មលោកបានជោគជ័យក្នុងរយៈពេល ៨ ឆ្នាំមកនេះ មានមួយ គឺការធ្វើទីផ្សារដោយខ្លួនឯង។ ចំណែកកត្តាផ្សេងទៀតគឺ ទំនួលខុសត្រូវ ការទទួលភ្ញៀវដោយភាពរួសរាយរាក់ទាក់ ព្រមទាំងគុណភាពនៃទំនិញ។
បើនិយាយពីការធ្វើជំនួញ តោ ថាំរ៉ុង បានបញ្ជាក់ថា ដើមទុនមិនមែនជាបញ្ហាសំខាន់ក្នុងការចេញធ្វើអាជីវកម្មឡើយ តែគោលដៅទើបធ្វើឲ្យឈានទៅដល់ការសម្រេចចេញជាផ្លែផ្កា។
ម្ចាស់ស្ថាបនិកហាង សុបិន្ដល្អ លក់ពូកសុខភាពរូបនេះ ក៏មានតួនាទីជា President នៅ BNI Champion ផងដែរ។ ត្បិតតែវ័យក្មេងទាំងប្ដីប្រពន្ធក៏ពិតមែន តែសហគ្រិនគូនេះ បានខិតខំខ្លាំងក្នុងមុខជំនួញ និងតែងនៅក្បែរគ្នាផ្ដល់ជាកម្លាំងចិត្តឲ្យគ្នាទោវិញទៅមក៕