នាយករដ្ឋមន្ត្រីគ្រោងនឹងជិះរថភ្លើងពិនិត្យផ្លូវដែក ក្រោយព្រមានដកការចរចារពីសេដ្ឋី គិត ម៉េង

នាយករដ្ឋមន្ត្រីគ្រោងនឹងជិះរថភ្លើងពិនិត្យផ្លូវដែក ក្រោយព្រមានដកការចរចារពីសេដ្ឋី គិត ម៉េង

ប្រមុខរាជរដ្ឋាភិបាល បានបង្ហើបថា នៅថ្ងៃណាមួយលោកនឹងទៅជិះរថភ្លើងដោយមិនប្រាប់ជាមុន ដើម្បីពិនិត្យជាក់ស្តែង ព្រោះផ្លូវដែកនេះ គឺជារឿងមួយសំខាន់ក្នុងការដឹកជញ្ជូនមនុស្ស និងទំនិញដោយកាត់បន្ថយការចំណាយ និងពេលវេលាបានច្រើន។

ការប្រកាសយ៉ាងដូច្នេះទាក់ទិននឹងបញ្ហាការអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានដាក់ជាគោលការណ៍ កំណត់ឱ្យក្រុមហ៊ុនផ្លូវដែក របស់អ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណា បញ្ចប់កិច្ចចរចា និងចុះMOU ឱ្យចប់សព្វគ្រប់នៅចុងឆ្នាំនេះ បើពុំដូច្នេះទេ សម្តេចនឹងដកសិទ្ធិពីក្រុមហ៊ុន។

តាមដានជាមួយយើង៖ Million Times

ក្នុងពេលអញ្ជើញជាអធិបតីពិធីអបអរសាទរខួប២០ឆ្នាំ (១៣ តុលា ២០០៤ – ១៣ តុលា ២០២៤) នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីដើមសប្តាហ៍នេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធដែលជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែពហុបំណងកំពត និងចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម និងអភិវឌ្ឍផែរណបថ្មីៗជាច្រើន។

សម្តេចមានប្រសាសន៍ថា៖ យើងកំពុងតែចរចាដើម្បីធ្វើបន្ថែមទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវ៉េ ហើយក្រៅពីនោះគឺប្រព័ន្ធផ្លូវដែក ដែលជាក់ស្តែងនៅពេលនេះយើងមានផ្លូវដែកមួយចំហៀងពីជើងទៅត្បូង ដែលខ្ញុំបានឱ្យគោលការណ៍រួចហើយដល់ក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាចរចារឱ្យបានចេញជាការចុះអនុស្សរណៈយោគយល់គ្នា (MoU) ឱ្យបានយ៉ាងយូរនៅចុងឆ្នាំនេះ ពីព្រោះបញ្ហាផ្លូវដែកនេះបានកកស្ទះគាំងរាប់ឆ្នាំមកហើយ ដោយយើងត្រូវពង្រឹងនិងមិនអាចទុកតទៅទៀតបានទេ ហើយទៅថ្ងៃខាងមុខ យើងអាចពិនិត្យលទ្ធភាពរឿងផ្លូវដែកពីភ្នំពេញ ទៅទិសខាងកើតបន្ថែមទៀតដើម្បីភ្ជាប់ ពីព្រោះផ្លូវដែកនេះ វាបានជួយច្រើនក្នុងការដឹកជញ្ជូន និងកាត់បន្ថយការចំណាយ។

សម្តេចថ្លែងបន្តថា “យើងមិនអាចទុកតទៅទៀតទេ ត្រូវពង្រឹង ទៅថ្ងៃមុខយើងអាចពិនិត្យលទ្ធភាព រឿងផ្លូវដែកពីភ្នំពេញ ទៅទិសខាងកើត ដើម្បីភ្ជាប់ ព្រោះវាជួយច្រើន នៅក្នុងការដឹកជញ្ជូន កាត់បន្ថយការចំណាយ អីចឹងសូមអ្នកឧកញ៉ា គិត ម៉េង ហើយខាងឯកឧត្តម ប៉េង ពោធិ៍នា ធ្វើម៉េចចរចាឱ្យចប់ MOU រឿងផ្លូវដែកហ្នឹង ឱ្យចប់ត្រឹមដាច់ឆ្នាំនេះ ដើម្បីយើងចាប់ផ្តើមធ្វើការងារពង្រឹង”។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រីព្រមានថា “តែចរចាអត់ចប់ ខ្ញុំដកហើយ ចប់មិនល្អឥតខ្ចោះឱ្យតែវាដើរ ចាប់ផ្តើមធ្វើដំណើរទៅ ហើយចាំយើងពង្រឹងទៀត ជាគោលការណ៍ អីចឹងទាំងក្រុមហ៊ុន ទាំងក្រសួង ឃើញបានជជែកហើយ មានឆន្ទៈក្នុងការធ្វើ មិនបាច់យកល្អឥតខ្ចោះនោះទេ យកអ្វីដែលអាចដើរបាន MOU ចាំជជែកគ្នា ពេលក្រោយលម្អិតប៉ុណ្ណា ប៉ុន្តែធ្វើម៉េចឱ្យមានជាឯកភាពជាគោលការណ៍ អាចដំណើរការចាប់ផ្តើម Upgrade ឬជួសជុលម៉េចបាន” ។

សម្តេចបន្ថែមថា “ថវិកា យើងមានមួយចំនួន សម្រាប់សិក្សាផ្លូវដែក ប៉ុន្តែយើងចរចា ឱ្យហើយ ចាំដាក់ទៅបើមិនអីចឹងយើងចាយលុយឥតប្រយោជន៍ លើកមុនយើងមាន៣០០លានយ័ន សម្រាប់ត្រៀម ដែលចិនបានផ្តល់ឱ្យជំនួយឥតសំណង សម្រាប់ផ្លូវដែកនេះឯង ប៉ុន្តែដោយសារយើង ចរចាមិនទាន់បាន អីចឹងរៀបអាហ្នឹងមួយ ដើម្បី Upgrade ធ្វើម៉េចអាជើងត្បូងរបស់យើងនឹងកាន់តែប្រសើរ” ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី