ធនាគារធំបំផុតនៅអាមេរិក JPMorgan Chase & Co. បានប្រកាសលក់មូលបត្របំណុលសាជីវកម្ម ក្នុងទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ បន្ទាប់ពីប្រកាសពីការកើបប្រាក់ចំណេញកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ការបញ្ចេញមូលបត្របំណុលលក់ ពី JPMorgan កើតឡើងបន្ទាប់ពីធនាគារអាមេរិកមួយនេះ ទទួលបាននូវប្រាក់ចំណេញប្រចាំត្រីមាសទី៣ ច្រើនលើសពីការរំពឹងទុក និងបានបង្កើនការព្យាករណ៍ សម្រាប់ប្រភពចំណូលសំខាន់ៗបន្ថែមទៀត។
ប្រភពជិតស្និទ្ធសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់សារព័ត៌មានខាងលើថា ធនាគារ នឹងធ្វើការលក់មូលបត្របំណុលជាបួនដំណាក់កាល ដោយជំហានដំបូងគ្រោងលក់ ៨ពាន់លានដុល្លារ ស្របពេលបច្ចុប្បន្ន JPMorgan ទទួលបានការបញ្ជាទិញមូលបត្របំណុល ៣៤ពាន់លានដុល្លារ ពីក្រុមវិនិយោគិនរួចហើយ។
សូមជម្រាបដែរថា ធនាគារ JPMorgan គឺជាអ្នកបញ្ចេញមូលបត្របំណុលលក់លើទីផ្សារធំបំផុត និងមានចក្ខុវិស័យយកប្រាក់ចំណេញទាំងអស់នោះ ទៅប្រើប្រាស់សម្រាប់គោលបំណងសាជីវកម្មទូទៅ៕
អត្ថបទ៖ Luffy រូបភាព៖ New York Times