ក្នុងឆ្នាំនេះ គេសង្កេតឃើញថាសេដ្ឋី គិត ម៉េង និងសេដ្ឋីនី ម៉ៅ ចំណាន តែងតែបណ្ដើរកូនស្រីទី ៣ គឺ យុវតី គិត ស៊ូណាវីន ទៅចូលរួមកម្មវិធីផ្លូវការរបស់ក្រុមហ៊ុន និងចូលរួមព្រឹត្តិការណ៍នានា ដែលស្វាមីភរិយាកំពូលអ្នកមានទាំងប្ដីប្រពន្ធ គូនេះចូលរួម។
តាំងពីចូលអាយុ ១៦ ឆ្នាំមក គិត ស៊ូណាវីន ត្រូវបានអាណាព្យាបាលនាំយកទៅចូលរួមកម្មវិធីផ្សេងៗ ច្រើនជាងកូនស្រីច្បង គិត ស៊ូរៀរង្សី។ អ្នកលេងបណ្ដាញសង្គមសង្គេតឃើញ និងនិយាយថា តើនាងតូចរូបនេះ នឹងត្រូវចូលរួមកាន់កាប់ក្នុងជំនួញណាមួយ ដូចបងប្រុស គិត ស៊ូឡា ដែរនាពេលខាងមុខ ព្រោះចាប់ពីឥឡូវទៅ ជាការចាប់ផ្ដើមឲ្យស្គាល់ការងារបណ្ដើរៗហើយ។
ដូចថ្មីៗនេះក្នុងកម្មវិធី បើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់សេដ្ឋី គិត ម៉េង កូនស្រីសំណព្វរូបនេះ ក៏បានទៅចូលរួមយ៉ាងចេញមុខចេញមាត់ ជាម្ចាស់កម្មវិធីមួយរូបទៀតផងដែរ។
ចំណែកកម្មវិធីរបស់សេដ្ឋីនី ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាងក៏បាននាំយកកូនស្រីរូបនេះ ចូលរួមជាបន្តបន្ទាប់មិនលោះពេលផងដែរ។
មិនតែប៉ុណ្ណោះកាលពី ខែមុនកក្កដា ឆ្នាំ ២០២៤ កន្លងទៅសេដ្ឋី គិត ម៉េង ក៏បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនស្រីសម្លាញ់ចិត្ត គិត ស៊ូណាវីន យ៉ាងគគ្រឹកគគ្រេង អញ្ជើញសុខតែកំពូលមហាសេដ្ឋី អ្នកជំនួញ ព្រមទាំងមន្ត្រីរាជការសុទ្ធតែថ្នាក់ដឹកនាំកំពូលនៃប្រទេស។
ក្រោយសាងស្នេហ៍ដ៏ស្អិតល្មួតរវាងអ្នកជំនួញល្បីឈ្មោះអ្នកឧកញ៉ា គិត ម៉េង និងអតីតពិធីការិនី ស្រីតូច ចំណាន ជិត ២០ ឆ្នាំមកនេះ បានបន្សល់ទុកចំណងដៃកូនប្រុសស្រី ៤ នាក់ រួមមាន អ្នកឧកញ៉ា គិត ស៊ូឡា, កញ្ញា គិត ស៊ូរៀរង្សី, យុវតី គិត ស៊ូណាវីន និងកុមារី គិត ស៊ូឡុង។ បើក្រឡេកទៅមើលបណ្ដាញសង្គម Instagram ឃើញថា ស៊ូណាវីន ជាបុគ្គលល្បីឈ្មោះ និងមាន follower ច្រើន ហើយជារឿយៗកូនស្រីសេដ្ឋីរូបនេះបង្ហាញពីរូបភាព និងដំណើរកម្សាន្តផ្សេងៗតាមបែបផែនជានារីអភិជន៕