មន្ត្រីអ៊ុយក្រែន អំពាវនាវឲ្យរដ្ឋាភិបាលប្រេស៊ីលចាប់ខ្លួនមេដឹកនាំរុស្ស៊ី បើសិនបង្ហាញខ្លួននៅ G20

មន្ត្រីអ៊ុយក្រែន អំពាវនាវឲ្យរដ្ឋាភិបាលប្រេស៊ីលចាប់ខ្លួនមេដឹកនាំរុស្ស៊ី បើសិនបង្ហាញខ្លួននៅ G20

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន Andriy Kostin បានសំណូមពរឲ្យរដ្ឋាភិបាលប្រេស៊ីល ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ភ្លាមៗ បើសិនជាលោកបង្ហាញខ្លួននៅកិច្ចប្រជុំកំពូល G20 ធ្វើឡើងនៅប្រេស៊ីល នាខែក្រោយ។

តាមដានជាមួយយើង៖ Million Times

មន្ត្រីអ៊ុយក្រែនរូបនេះ បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មាន Reuters ថា ទីភ្នាក់ងារស៊ើបអង្កេតរបស់ខ្លួន បានទទួលដំណឹងថា មេដឹកនាំរុស្ស៊ី នឹងចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់ ខណៈអ្នកនាំពាក្យរុស្ស៊ី Dmitry Peskov អះអាងថា បច្ចុប្បន្នសេចក្ដីសម្រេចផ្លូវការអំពីការចូលរួមរបស់លោកពូទីន នៅកិច្ចប្រជុំកំពូល G20 មិនទាន់ធ្វើឡើងនៅឡើយនោះទេ។

គួររំលឹកបន្តិចថា រដ្ឋាភិបាលប្រេស៊ីល បានផ្ញើលិខិតអញ្ជើញប្រធានាធិបតីរុស្ស៊ី ក្នុងការចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងធ្វើឡើងនៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ក្នុងទីក្រុង Rio de Janeiro ក៏ប៉ុន្តែលោកពូទីន មិនទាន់បញ្ជាក់ពីការចូលរួម ឬយ៉ាងណាឡើយ។

ទាក់ទងនឹងការចាប់ខ្លួនលោកពូទីនវិញ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ធ្លាប់បានចេញលិខិតថ្កោលទោស និងដីការចាប់ខ្លួនកាលពីឆ្នាំ២០២៣ ក៏ប៉ុន្តែពួកគេអះអាងថា សមាជិក ICC មានសិទ្ធក្នុងការធ្វើតាម ឬមិនធ្វើតាមដីការទាំងនោះ បើសិនជាលោកពូទីន ធ្វើដំណើរទៅដល់ប្រទេសរបស់ពួកគេ។

តួយ៉ាង កាលពីខែកញ្ញា លោកពូទីន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសម៉ុងហ្គោលី ដែលជាសមាជិករបស់ ICC ក៏ប៉ុន្តែជំនួសឲ្យការឃាត់ខ្លួន រូបលោកបែរជាទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅពីម្ចាស់ផ្ទះទៅវិញ ហើយសកម្មភាពមួយនេះ ធ្វើឲ្យប្រទេសអ៊ុយក្រែនក្ដៅក្រហាយជាខ្លាំង និងបានទទូចរកយុត្តិធម៌ពីតុលាការអន្តរជាតិថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ Reuters