វិមានក្រឹមឡាំង ត្រៀមប្ដឹងក្រុមហ៊ុន Shell ទាមទារសំណងជាង ១ពាន់លានដុល្លារ

វិមានក្រឹមឡាំង ត្រៀមប្ដឹងក្រុមហ៊ុន Shell ទាមទារសំណងជាង ១ពាន់លានដុល្លារ

រដ្ឋាភិបាលរុស្ស៊ី កំពុងរៀបចំដាក់ពាក្យបណ្ដឹង ប្ដឹងក្រុមហ៊ុនប្រេងឥន្ធនៈអង់គ្លេស Shell ជុំវិញការបញ្ចប់អាជីវកម្មរបស់ពួកគេ នៅប្រទេសរុស្ស៊ី ក្រោយវិមានក្រឹមឡាំងបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន The Telegraph បានបង្ហាញថា រុស្ស៊ីមានបំណងទាមទារថ្លៃខូចខាត ពីក្រុមហ៊ុនប្រេងខ្នាតយក្សមួយនេះ ក្នុងទំហំទឹកប្រាក់ ១ពាន់លានអឺរ៉ូ ឬប្រហែល ១,១ពាន់លានដុល្លារ។

រឿងហេតុដែលឈានដល់ការប្ដឹងផ្ដល់គ្នា គឺកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ី ចេញវិធានការ បង្ខំឲ្យម្ចាស់ភាគហ៊ុនធំៗ នៅក្នុងក្រុមហ៊ុនក្នុងស្រុក លក់ភាគហ៊ុនរបស់ខ្លួន និងផ្ទេរសិទ្ធកាន់កាប់ ទៅឲ្យក្រុមហ៊ុនរុស្ស៊ី ក្នុងករណីដែលម្ចាស់ភាគហ៊ុនបរទេស សម្រេចចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី។

ក្រុមហ៊ុន Shell គឺជាម្ចាស់ភាគហ៊ុនធំមួយ ដែលមានចំណែក ២៧,៥% នៅតំបន់ប្រេង និងឧស្ម័ន Sakhalin-2 ជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ី Gazprom និងក្រុមហ៊ុនជប៉ុន Mitsubishi និង Mitsui ហើយខណៈពេលដែលក្រុមហ៊ុនជប៉ុនទាំង២ យល់ព្រមតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលរុស្ស៊ី តែក្រុមហ៊ុន Shell បែរជាជំទាស់ និងប្រកាន់ជំហរជាម្ចាស់ភាគហ៊ុនធំមួយរូបនៅតំបន់នោះដដែល។

ហេតុនេះហើយ ទើបរដ្ឋាភិបាលរុស្ស៊ីបានដាក់ពាក្យបណ្ដឹង ប្ដឹងលើក្រុមហ៊ុន Shell ទាមទារប្រាក់សងជំងឺចិត្ត ដោយមិនបង្ហាញមូលហេតុច្បាស់លាស់ និងគ្រាន់តែបញ្ជាក់ថា ទង្វើរបស់ក្រុមហ៊ុន Shell ធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ជាតិរបស់រុស្ស៊ី៕

អត្ថបទ៖ Luffy រូបភាព៖ បរទេស