ក្រោយបែកធ្លាយវីដេអូជនជាតិចិនផឹកស៊ីរាំលេងក្នុងពន្ធនាគារ សម្ដេច​ ហ៊ុន ម៉ាណែត សម្រេចផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៉ីន​ដឹកនាំ​

ក្រោយបែកធ្លាយវីដេអូជនជាតិចិនផឹកស៊ីរាំលេងក្នុងពន្ធនាគារ សម្ដេច​ ហ៊ុន ម៉ាណែត សម្រេចផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៉ីន​ដឹកនាំ​

​សម្ដេច​​ ហ៊ុន ម៉ាណែត ​បានជជែក​ជាមួយ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចធ្វើការ​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំពន្ធនាគារ ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាពការងារ។ ការប្រកាសយ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្រោយមាន​វីដេអូ​ផឹកស៊ី​ រាំងលេង ក្នុង​ពន្ធនាគារ​របស់ជនជាតិចិននិងខ្មែរមួយចំនួនដែលកំពុងជាប់ឃុំ ហើយ​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេសបុកថ្មីៗនេះ។

​ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ​៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​កង​ពល​តូច​លេខ​៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលានេះសម្ដេច​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​ បានលើកឡើងថា សម្តេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា ករណីបង្ហោះវីដេអូផឹកស៉ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសបុក។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៉ីនដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ។

ប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី៖

តាមដានជាមួយយើង៖ Million Times

​ទាក់ទង​ទៅ​នឹង​រឿង​វីដេអូ​ចែកចាយ​នោះ​ដែរ បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​អធិការ​កិច្ចស្រាវជ្រាវពី​ ឫស​គល់​នៃ​ហេតុការណ៍​ខាង​លើ​ ព្រម​ទាំង​អ្នក​ពាក់​ព័ន្ធ ​ទាំង​ជន​ជាប់​ឃុំ ​និង​មន្ត្រី​ពន្ធនាគារ ​នៅមណ្ឌល ​អប់រំកែប្រែទី១ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ និងបន្តការងារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤៕

អត្ថបទ៖ រ៉ាវី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី