ក្រោយបញ្ហាជម្លោះរវាងស្ថាប័នប្រកួតប្រជែងសម្រស់ដ៏ធំ កើតមានប៉ុន្មានថ្ងៃមកនេះ សឹងតែមិនអាចរកផ្លូវចេញបាន ថ្ងៃនេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) បានចេញសេចក្ដីប្រកាសមួយ ស្នើឲ្យម្ចាស់ស្ថាប័នMGI និង MGC បញ្ចប់វិវាទឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ដើម្បីចៀសវាងកុំឲ្យស្ថានការណ៍កាន់តែរីកដុះដាលធំៗ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) បានស្នើដល់ស្ថាប័ន Miss Grand International (MGI) និង Miss Grand Cambodia (MGC) បញ្ឈប់នូវវិវាទរបស់ពួកគេឱ្យបានឆាបរហ័សបំផុតតាមដែលអាចធ្វើទៅបាន។
ក្រោយកើតមានវិវាទរវាងស្ថាប័ន Miss Grand International និង Miss Grand Cambodia បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមផលិតផ្សព្វផ្សាយ និងចែកចាយព័ត៌មានទាក់ទិននឹងភាពតានតឹងរវាងក្រុមហ៊ុនទាំងពីរ។ ចំពោះបញ្ហានេះដែរបានធ្វើឱ្យក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) បើកការប្រជុំបន្ទាន់តាមអនឡាញនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្ដូរព័ត៌មានអំពីហេតុការណ៍ខាងលើ និងបានដាក់ស្នើនូវសំណូមពរមួយចំនួនដូចខាងក្រោម៖
១. សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីកធំ។
២. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុមហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។
៣. ក.អ.ក និង ស.អ.ថ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើមេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ៕