ម្ចាស់ក្រុមហ៊ុន HK7 Co,Ltd អ្នកស្រី អ៊ឹម សុគន្ធា ត្រូវបានគេដឹងថា ជាអ្នករៀបចំកម្មវិធីប្រកួតប្រជែងសម្រស់កញ្ញាឯកដ៏អស្ចារ្យ ឆ្នាំ ២០២៣ និង ២០២៤ ដែលបញ្ចប់ទៅមិនសូវជាល្អថ្មីៗនេះ។
បើនិយាយដល់ការទិញសិទ្ធិរៀបចំការប្រឡងកម្មវិធីសម្រស់នោះ អ្នកស្រី អ៊ឹម សុគន្ធា ធ្លាប់បានឲ្យដឹងថា អ្នកស្រីចូលចិត្តកម្មវិធីបែបនោះ។ បើងាកទៅមើលប្រវត្តិវិញ ក៏ឃើញថាអគ្គនាយិការូបនេះក៏ជាអតីតតារាបង្ហាញម៉ូដផងដែរ។
បងថ្លៃអតីតតារាចម្រៀង ផាន់ ម៉ូនីកា រូបនេះកាលពីអំឡុងឆ្នាំ ២០០៧ ធ្លាប់ធ្វើជាតារាសម្ដែង តារាបង្ហាញម៉ូដ និងជាពិធីការិនី ដែលពេលនោះទទួលបានការគាំទ្រខ្លាំងពីបណ្ដាលអ្នកគាំទ្រ ព្រោះរូបសម្រស់ដ៏ស្រស់ស្អាត និងសមត្ថភាពរបស់អ្នកស្រី។ ក្រោយមកអ្នកនាង ក៏មានឱកាសបានសម្ដែងក្នុង MV របស់ផលិតកម្មសាន់ដេ និងចាប់ដៃគូជាមួយ លោក គង់ រ៉ាយុទ្ធ ដែលជាថៅកែហាងលក់សម្លៀកបំពាក់ និងជាតារាសម្ដែងដ៏ល្បីនាជំនាន់នោះ ព្រមទាំងបានភ្ជាប់ពាក្យស្ងាត់ៗ និងទៅរស់នៅអាមេរិកមួយរយៈ។
រហូតមកដល់ឆ្នាំ ២០១២ អ៊ឹម សុគន្ធា និងលោក គង់ រ៉ាយុទ្ធ បានសម្រេចចិត្តចូលរោងការ នៅថ្ងៃ ១២ ខែមករា ក្រោយទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយអ្នកទាំងពីរក៏បានបន្សល់ទុកចំណងដៃកូនប្រុសម្នាក់ និងស្រីម្នាក់មកដល់ពេលនេះ។
ក្រោយរៀបការចូលក្នុងគ្រួសារអ្នកជំនួញដ៏មានមុខមាត់លំដាប់សេដ្ឋីហើយនោះ តារាបង្ហាញម៉ូដ អ៊ឹម សុគន្ធា បានផ្អាកសកម្មភាពសិល្បៈនានា ងាកមកពង្រឹងចំណេះដឹងផ្នែកជំនួញ ព្រមទាំងបានហក់ចូលក្នុងអាជីវកម្មដូចបងថ្លៃស្រី និងជាមិត្តរួមអាជីព អ្នកនាង ផាន់ ម៉ូនីកា។
បើនិយាយទៅដល់មិត្តរួមអាជីព និងក្លាយជាគ្រួសារ គឺមានអ្នកនាង អ៊ឹម សុគន្ធា អ្នកនាង ផាន់ ម៉ូនីកា និង អេនជី សុទ្ធតែបានរៀបការចូលគ្រួសារអ្នកជំនួញ អ្នកស្រី នូ សុគន្ធា ដែលមានហាងសម្លៀកបំពាក់ និងអាហារជាច្រើនកន្លែងនៅភ្នំពេញ។
អំឡុងឆ្នាំ ២០២០ អ្នកស្រី អ៊ឹម សុគន្ធា បានបង្កើតអាជីវកម្មអនឡាញ ដោយមានឈ្មោះថា HK7 ហើយកាន់តែជោគជ័យពីមួយថ្ងៃ និងមានផលិតផលថែរក្សាសម្រស់ច្រើនប្រភេទ រហូតមានការជំរុញឲ្យទិញកម្មវិធីប្រកួតប្រជែងសម្រស់ Miss Grand Cambodia បាន ២ ឆ្នាំ គឺ ២០២៣ និង ២០២៤។
ក្រៅពីកម្មវិធី Miss Grand Cambodia អ្នកស្រី សុគន្ធា ក៏ជាម្ចាស់ Miss Cosmo Cambodia ដូចគ្នាដែរ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអ្នកស្រីក៏បានបញ្ជូន អ៊ិន លក្ខិណា ទៅប្រកួត Miss Cosmo នៅវៀតណាម និងទទួលចូលទៅក្នុង Top 10 នៃកម្មវិធីថែមទៀតផង៕