បើទោះជាបញ្ហារឿងរវាងស្ថាប័ន MGI និងក្រុមហ៊ុន HK7 របស់អ្នកស្រី អ៊ឹម សុគន្ធា បានកន្លងទៅជិត ១ សប្ដាហ៍ហើយក៏ពិតមែន តែកម្ដៅនៃជម្លោះមួយនោះមិនបានថមថយឡើយ បែរជាកាន់តែខ្លាំងឡើងៗមិនឈប់ ហើយភាគីទាំងសងខាងបានចេញមុខមកធ្វើសន្និសីទកាសែតរៀងខ្លួនទៀតផង។
ក្រោយស្ដាប់ការ Live ដឹងពីដំណើរដើមទងរឿងរ៉ាវអ្នកស្រី អ៊ឹម សុគន្ធា ធ្វើឲ្យសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅពិធីការជាតិ-អន្តរជាតិបណ្ឌិតលោក អ៊ិន សុផល បានបញ្ចេញមតិយោបល់ផ្នែកជំនួញទាក់ទងរឿង Miss Grand ដ៏កក្រើក។
លោក អ៊ិន សុផល បានស្នើខ្លួនបង្រៀនពីពិធីការមួយចំនួន ដើម្បីជាចំណេះដឹងខ្លះៗ ក្រោយម្ចាស់ក្រុមហ៊ុន HK7 ត្រូវម្ចាស់ស្ថាប័ន Miss Grand លោក Nawat ក្រឡុក ពេលអ្នកស្រីធ្វើជាសហម្ចាស់ផ្ទះរៀបចំ Miss Grand International 2024។
សាស្ត្រាចារ្យរូបនេះបានសរសេររៀបរាប់លើបណ្ដាញសង្គមថា បើត្រូវការចំណេះដឹងផ្នែកពិធីការ លោកសុខចិត្តទៅបង្រៀនដល់ក្រុមហ៊ុននេះដោយឥតគិតថ្លៃ ក្នុងនាមខ្មែរជួយខ្មែរ ខ្មែរ ស្រឡាញ់ខ្មែរ។
លោកថា “ជាទូទៅខ្ញុំមិនសូវនិយាយពាក់ព័ន្ធខាងសិល្បៈទេ តែឃើញផ្ទះលេខ២ វាក្រឡុកក្មួយៗខ្លាំងពេក ទើបចេញអត្ថបទ ចែករំលែកចំណេះដឹងខាងពិធីការនេះ។ តាមខ្ញុំមើលសន្និសីទកាសែតរបស់ក្មួយៗ ឃើញថានៅខ្វះខាតខាងពិធីការច្រើន ទើបធ្វើឲ្យភាគីម្ខាងទៀត ក្រឡុកបានស្រេចចិត្ត៖
១. បើមានកម្មវិធីតូចក្ដី ធំក្ដី ត្រូវបង្កើតក្រុមការងារមួយក្រុមហៅថាក្រុមនាំមុខ (Advance Team) ដើម្បីប្រជុំពិភាក្សាលម្អិតលើដំណើរការកម្មវិធីទាំងមូល ដែលភាគីម្ចាស់ផ្ទះទទួលខុសត្រូវទាំងស្រុង មិនឲ្យភាគីម្ខាងទៀតលូកដៃទេ!
២. Hospitality & Accommodations: ពិធីទទួលបដិសណ្ឋារកិច្ច និងការរៀបចំកន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន ឆាកសម្ដែង ទីកន្លែងដែលត្រូវសម្ដែង…។
៣.កំណត់កម្មវិធី និងពេលវេលាច្បាស់លាស់ រួចភាគីទាំងពីរ ត្រូវចុះហត្ថលេខាលើរបាយការណ៍នៃកិច្ចប្រជុំពិភាក្សានេះ បើមានសំណើពីភាគីណាមួយចង់ផ្លាស់ប្ដូរ ត្រូវធ្វើលិខិតជាលាយលក្ខណ៍អក្សរត្រឹមត្រូវ ច្បាស់លាស់ឲ្យបានមុនថ្ងៃបើកកម្មវិធី។
៤.នៅពេលគណៈប្រតិភូមកដល់ យើងត្រូវអនុវត្តទៅតាមកម្មវិធី និងពេលវេលារបស់យើង មិនអាចផ្លាស់ប្ដូរតាមចិត្តបាននោះទេ បើមានភាគីណាមួយរំលោភលើកិច្ចព្រមព្រៀងនេះ ត្រូវទទួលសំណងការខូចខាត និងជំងឺចិត្ត ដល់ភាគីម្ខាងទៀត។
សូមសិក្សាឈ្វេងយល់បន្ថែមពីសៀវភៅពិធីការជាតិ និងអន្តរជាតិ ដើម្បីជាជំនួយស្មារតី ក្នុងការរៀបចំកម្មវិធីជាតិ និងអន្តរជាតិ”។
នេះជាចំណេះដឹងថ្មី ដែលអ្នកចង់ធ្វើជំនួញផ្សេងៗទាក់ទងការរៀបចំកម្មវិធីបែប Miss Grand ឬកម្មវិធីផ្លូវការដទៃ ត្រូវរៀនសូត្រ ដើម្បីកុំឲ្យមានការខាតបង់ទាំងពេលវេលា និងទឹកប្រាក់ចោលឥតអំពើ៕