អ្នកតំណាងរាស្រ្ត ចាត់ទុកកំណែទម្រង់ នៃការប្រឡងសញ្ញាបត្របាក់ឌុប ធ្វើឱ្យសិស្សលែងពឹងផ្អែកលើការអន្តរាគមន៍

អ្នកតំណាងរាស្រ្ត ចាត់ទុកកំណែទម្រង់ នៃការប្រឡងសញ្ញាបត្របាក់ឌុប ធ្វើឱ្យសិស្សលែងពឹងផ្អែកលើការអន្តរាគមន៍

លោក ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី៨ ខែតុលាថា កំណែទម្រង់នៃការប្រឡងសញ្ញាបត្របាក់ឌុប បានធ្វើឱ្យសិស្សមានការភ្ញាក់រលឹកលែងពឹងផ្អែកលើការអន្តរាគមន៍ ។

លោក ប៉ា សុជាតិវង្ស លើកឡើងថា ទិដ្ឋភាពនៃការបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភុមិ ឬបាក់ឌុប បានបង្ហាញពីក្តីមោទនភាព បន្ទាប់ពីកម្ពុជាបានជំរុញការលើកគុណភាពវិស័យអប់រំកាន់តែល្អប្រសើរពី១ឆ្នាំទៅ១ឆ្នាំ ។

តាមដានជាមួយយើង៖ Million Times

លោកថា អ្វីដែលកត់សម្គាល់ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ វិស័យអប់រំ ពិតជាមានការរីកចម្រើន និងប្រែប្រួលទាំងបរមាណ និងគុណភាព នោះគឺអាស្រ័យដោយយើងបានកំណត់នូវចក្ខុវិស័យ ក្នុងការលើកកម្ពស់ចំណេះដឹង លើកកម្ពស់ការទទួលខុសត្រូវ ទៅលើវិស័យនេះ ជាពិសេស ធ្វើឱ្យយុវជនជាសិស្សានុសិស្ស មានការខិតខំប្រឹងប្រែង ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់វិស័យអប់រំនេះឱ្យបានល្អប្រសើរ។

លោកបានកត់សម្គាល់ថា ជារៀងរាល់ឆ្នាំ ការប្រឡងបាក់ឌុបនេះ បានធ្វើឱ្យសិស្សកាន់តែមានការភ្ញាក់រលឹក លែងពឹងផ្អែកទៅលើការអន្តរាគមន៍ ដោយពឹងផ្អែកលើកខ្លួនឯង ស្របតាមពាក្យថា «ចេះ គឺជាប់» ។ ដូច្នេះ ការខិតខំប្រឹងប្រែងរៀនសូត្រនេះ បានធ្វើឱ្យគុណភាព នៃការអប់រំរបស់យើង ត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣ម៉ឺន ៧ពាន់ ៤០នាក់ (ស្រី ៧ម៉ឺន៤ពាន់៨៨២នាក់)៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងអប់រំ