កាលពីចន្ទសប្តាហ៍នេះសេដ្ឋីវ័យក្មេង លាង ពៅ ហៅ ភីធ័រ បានសម្រេចចិត្តលាម្តាយ និងក្រុមគ្រួសារទៅសាងផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនា ដើម្បីសិក្សាប្រតិបត្តិផ្នែកពុទ្ធចក្រ។
ពិធីបំបួសនាគដែលជាកូនអភិជនលោកស្រី ភាព ហៀក ស្ថិតនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃកម្ពុជា ខាងលិចភ្នំព្រះរាជទ្រព្យ(ភ្នំឧដ្តង្គ) ឃុំផ្សាដែក ស្រុកពញាព្ម ខេត្តកណ្តាល ភាគខាងជើងរាជធានីភ្នំពេញ ចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រ។
បើតាមពុទ្ធវិន័យ ការចូលបួសគឺត្រូវមានព្រះឧបជ្ឈាយ៍ជាអ្នកបំបួសនិងនៅចំពោះភិក្ខុសង្ឃជាច្រើនអង្គ។ សម្រាប់ព្រះគ្រូឧបជ្ឈាយ៍របស់ភិក្ខុ លាង ពៅ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា។
លើបណ្តាញសង្គមផ្ទាល់ខ្លួន ព្រះអង្គ ហ៊ឹម ប៊ុនធឿន មានសង្ឃដីកាអំពីការបួសក្នុងព្រះពុទ្ធសាសនាចំពោះភិក្ខុថ្មី លាង ភីធ័រ។ ព្រះអង្គមានសង្ឃដីកាថា យើងមានសទ្ធាជ្រះថ្លាបួសក្នុងព្រះពុទ្ធសាសនាតាមឱវាទរបស់ព្រះអង្គដើម្បីសិក្សាគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវតាមធម៌វិន័យពិតប្រាកដ។ ទោះបីមិនមានបុគ្គលណាគេសរសើរ គេស្រឡាញ់ គេគោរពរាប់អានក៏មិនអីដែរ។ ឱ្យតែព្រះពុទ្ធទ្រង់សរសើរគ្រប់គ្រាន់ហើយ។
យ៉ាងណាការបួស ដើម្បីចង់សងគុណឪពុកម្តាយ ហើយខិតខំប្រឹងប្រែងសិក្សាគោរពប្រតិបត្តិឱ្យបានល្អ ធ្វើខ្លួនឱ្យក្លាយជាកូនល្អ មានគុណធម៌ថ្លៃថ្នូរសមរម្យ។ ទោះបីមិនមានមិត្តភក្តិ ឬបុគ្គលណាគេសរសើរ គេគោរពស្រឡាញ់រាប់អានក៏មិនអីដែរ ឱ្យតែឪពុកម្តាយបងប្អូនរបស់យើងសរសើរ ស្រឡាញ់គោរពរាប់អាន ត្រេកអរពេញចិត្តនូវអំពើល្អរបស់កូន ហើយកូនបានតបស្នងបំពេញបំណងល្អចំពោះអ្នកមានគុណ បានទាន់ពេលគាត់មានជីវិតរស់នៅ វាល្អគ្រប់គ្រាន់ណាស់ទៅហើយ។ ព្រះអង្គ ហ៊ឹម ប៊ុនធឿន មានសង្ឃដីកាបន្ថែម។
សូមជម្រាបថា ភិក្ខុ លាង ពៅ ហៅ ភីធ័រ គឺជាកូនលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប។ ភិក្ខុភីធ័រ កាលមុនចូលសាងផ្នួស គឺជាអគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីបម៉ុង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម