កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញកំពុងតាមចាប់ខ្លួនអ្នកឧកញ៉ា លី សាម៉េត ក្រោយសង្ស័យដើរបោកប្រាស់ប្រាក់របស់គេរាប់លានដុល្លារអាមេរិក ហើយក៏មានជាប់ពាក់ព័ន្ធអំពើស៊ីសំណូកសូកប៉ាន់ផងដែរ។
កាលពីយប់ថ្ងៃចន្ទ កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធផ្ទះរបស់លោកឧកញ៉ា លី សាម៉េត ក្នុងខណ្ឌឫស្សីកែវ ក្រោយសម្តេច ហ៊ុន សែន ទម្លាយឲ្យដឹងថាលោក លី សាម៉េត បានបោកប្រាស់លុយរបស់គេរាប់លានដុល្លារអាមេរិក ដោយយកឈ្មោះរបស់សម្តេចផ្ទាល់ទៅប្រើប្រាស់។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់វីអូអេវីអូអេនៅថ្ងៃអង្គារថា សមត្ថកិច្ចកំពុងតាមរកលោក លី សាម៉េត ក្រោយឡោមព័ទ្ធផ្ទះរបស់លោកកាលពីថ្ងៃចន្ទ ប៉ុន្តែលោកមិននៅផ្ទះឡើយ។
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីរសៀលថ្ងៃចន្ទ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់សម្តេចថា អ្នកឧកញ៉ា លី សាម៉េត តែងប្រើឈ្មោះរបស់សម្តេច ដើម្បីបោកប្រាស់លុយគេ ហើយក្នុងនោះក៏មានការបោកលុយពីឈ្មោះសុខ ឡេង ចំនួន១០លានដុល្លារអាមេរិក និងចំនួន២៣ម៉ឺនដុល្លារពីឈ្មោះមួង ឃីម។
សម្តេចក៏បានទម្លាយឲ្យដឹងថា លោក កន សុខកាយ អភិបាលស្រុកល្វាឯម ថាលោក លី សាម៉េត បានយកប្រាក់ពីលោកចំនួន៣០មុឺនដុល្លារដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ ភ្លាមៗសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានសម្រេចបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមហេតុផលប្រព្រឹត្តិកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម