នាយករដ្ឋមន្រ្តី និងស្រ្តីទី១កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ នៅទីក្រុងវៀងច័ន្ទ

នាយករដ្ឋមន្រ្តី និងស្រ្តីទី១កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ នៅទីក្រុងវៀងច័ន្ទ

នារសៀលថ្ងៃអង្គារ ទី៨ ខែតុលានេះ សម្តេច ហ៊ុន ម៉ាណែត និងស្រ្តីទី១កម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសឡាវ ។ 

អមដំណើរសម្តេចនាយករដ្ឋមន្រ្តីទៅកាន់ប្រទេសឡាវនាពេលនេះ រួមមាន៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

តាមដានជាមួយយើង៖ Million Times

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើងក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” នឹងផ្តោតទៅ លើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវ ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវនេះ សម្តេចនាយករដ្ឋមន្ត្រី នឹងចូលរួមក្នុងជំនួបថ្នាក់ដឹកនាំ អាស៊ានជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។

លោកបន្ថែមថា សម្តេចក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី