នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលានេះ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ជួបសំណេះសំណាលជាមួយលោក ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតកូរ៉េ នៅវិមានព្រឹទ្ធសភា។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េខាងជើង សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានស្នើសុំឱ្យឯកអគ្គរដ្ឋទូតកូរ៉េ មានការយោគយល់ចំពោះការដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះទណ្ឌកម្មលើកូរ៉េ ដោយកម្ពុជា ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាត្រូវតែបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សម្ដេចមានប្រសាសន៍ថា ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យប៉ុណ្ណោះនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។
បន្ថែមពីលើនេះ សម្តេចប្រមុខរដ្ឋស្តីទីមានប្រសាសន៍ថា កម្ពុជាចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ សម្តេចក៏បានជម្រាបទៅឯកអគ្គរដ្ឋទូតផងដែរថា កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ។
ឆ្នាំនេះ គឺជាឆ្នាំនៃខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤) ការណ៍នេះលោក លោក ចាង យ៉ុងហ្គុន បានលើកឡើងថា ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺលោក គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ។
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ