លោក លាង ឃុន ដែលជាម្ចាស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាអ្នករៀបចំព្រឹត្តិការណ៍ Gumball 3000 បានប្រាប់ប្រមុខរាជរដ្ឋាភិបាលអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ហើយជាប្រទេសដែលរៀបចំព្រឹត្តិការណ៍នេះបានល្អបំផុតក្នុងរយ:ពេល ២៥ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍នេះ។
ក្នុងជំនួបជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៣០ ខែកញ្ញានេះ លោកអ្នកឧកញ៉ា លាង ឃុន ម្ចាស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបញ្ជាក់អំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា «កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍នេះ»។
លោកថា ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។
លោកបានប្រាប់សម្ដេចនាយករដ្ឋមន្រ្តីបន្ថែមថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។
សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព ជោគជ័យ តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។
សម្ដេចក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី