ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដាក់ដំណើរការសាកល្បងដឹកអ្នកដំណើរចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ នូវទូរថភ្លើងជប៉ុន Kiha 182-183 ដឹកអ្នកដំណើរចំនួន ៤ថ្ងៃ។
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដាក់ដំណើរការតេសសាកល្បងនូវទូរថភ្លើងជប៉ុន Kiha 182-183 ចាប់ពីថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា នឹងធ្វើដំណើរពីភ្នំពេញ – កំពង់ឆ្នាំង ( រមាស ) ភ្នំពេញ – ពោធិ៍សាត់ ភ្នំពេញ – មោង ភ្នំពេញ – បាត់ដំបង។ ថ្ងៃច័ន្ទទី៣០ ខែកញ្ញា នឹងធ្វើដំណើរពីភ្នំពេញ – ព្រះសីហនុ ភ្នំពេញ – កំពត ភ្នំពេញ – កែប ភ្នំពេញ – តាកែវ។
ថ្ងៃអង្គារ ទី១ ខែតុលា នឹងធ្វើដំណើរពី ភ្នំពេញ – កំពង់ឆ្នាំង ( រមាស ) ភ្នំពេញ – ពោធិ៍សាត់ ភ្នំពេញ – មោង ភ្នំពេញ – បាត់ដំបង។ ថ្ងៃពុធ ទី២ ខែតុលា នឹងធ្វើដំណើរពី ភ្នំពេញ – ព្រះសីហនុ ភ្នំពេញ – កំពត ភ្នំពេញ – កែប ភ្នំពេញ – តាកែវ។
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់លោកសេដ្ឋី គិត ម៉េង បានបញ្ជាក់ផងដែរថា ការដំណើរការដឹកអ្នកដំណើសាកល្បងទាំង៤ថ្ងៃនេះ តម្លៃសំបុត្ររថភ្លើង នឹងរក្សាតម្លៃដើម មិនមានការផ្លាស់ប្តូរ ឬដំឡើងតម្លៃសំបុត្រឡើយ។
ជាមួយគ្នានេះ ក្រុមហ៊ុនសូមអតិថិជនទាំងអស់មកទទួលយកបទពិសោធន៍ថ្មី ជាមួយការធ្វើដំណើរតាមរយៈទូរថភ្លើងជប៉ុនទៅកាន់ស្រុកកំណើត និងដំណើរកំសាន្តនានាក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ៕
អត្ថបទ៖ ផល កុសល រូបភាព៖ រ៉ូយ៉ាល់ រេលវេ