កាលពីម្សិលមិញនេះ ជម្លោះរវាងលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានកើតឡើងកក្រើកយ៉ាងខ្លាំងម្ដងទៀតហើយ ក្រោយពីមានការឡាយផ្ទាល់នៅលើបណ្ដាញសង្គម Facebook ពីភាគីខាងអតីតភរិយាផងដែរ។
ម្សិលមិញអ្នកជំនួញអនឡាញវ័យក្មេង និងជោគជ័យ ដេត ម៉ាលីណា បានអះអាងថាទៅមើលកូនដែលខានជួបមុខគ្នាជាង ១ ឆ្នាំមកហើយ ដោយរួមដំណើរជាមួយបងប្រុសបង្កើត និងអង្គរក្សរបស់អ្នកនាង។ តែចុងបញ្ចប់នាងមិនបានជួបជាមួយកូនផ្ទាល់នោះទេ ដោយសារតែមានការរារាំងពីសំណាក់លោក ឌួង ឆាយ និងអង្គរក្សរបស់លោកនៅក្នុងបុរីផ្ទាល់តែម្ដង។ រហូតដល់ចុងបញ្ចប់ក៏ចង់ណាត់គ្នាទៅប៉ុស្ដិប៉ូលិសផងដែរ។
យ៉ាងណាមិញនៅថ្ងៃនេះ លោក ឌួង ឆាយ បានចេញមកបកស្រាយវិញផងដែរ។ លោកអះអាងថាដំបូងឡើយបានយល់ព្រមឱ្យម្ដាយទៅជួបមុខកូនទេ ប៉ុន្តែត្រូវមានការសុំឱ្យបានស្រួលបួល និងចូលទៅតែម្នាក់ ឬពីរនាក់កូនប្រុសបានហើយ មិនចាំបាច់មានអង្គរក្ស ២ នាក់ទៀតចូលទេ។ តែចុងបញ្ចប់ អ្នកនាង ដេត ម៉ាលីណា មិនព្រមនោះទេទើបបណ្ដាលឱ្យមានការទាស់ពាក្យសម្ដីគ្នា និងឡាយលើបណ្ដាញសង្គម Facebook តែម្ដង។
យ៉ាងណាមិញ លោក ឌួង ឆាយ ក៏បានអះអាងនៅលើបណ្ដាញសង្គមទៀតថាលោកនឹងមិនប្ដឹងទៅអតីតភរិយាទេ ប្រសិនបើនាងយល់ព្រមលុបវីដេអូឡាយម្សិលមិញចេញ និងមកជួបកូនៗនៅផ្ទះខ្ញុំដោយសន្តិវិធីដោយមានអាជ្ញាធរចូលរួមជាមួយ។
រឿងរ៉ាវមួយនេះ បើទោះជាមានសាលក្រមពីស្ថាប័នតុលាការហើយក៏ដោយ តែជម្លោះគ្រួសារ ២ នេះមិនបានបញ្ចប់ឡើយ នៅតែមានកក្រើកឡើងពេញបណ្ដាញសង្គមជាហូរហែ។ បញ្ហាជម្លោះរ៉ាំរ៉ៃមួយនេះ កើតឡើងជាង ៤ឆ្នាំ មកហើយ ដោយភាគច្រើនអ្នកតាមដានកាន់ជើងខាងអ្នកជំនួញអនឡាញហាយសូ ដ៏ស្រស់ស្អាត ដេត ម៉ាលីណា៕