លោក សុខ សប្បាយណា ក្រោយភ្ជាប់ពាក្យកាលពីឆ្នាំ ២០២៣ កន្លងទៅ ប្រហែលជាមានដំណឹងល្អឆាប់ៗនេះហើយ ដោយរូបភាព Pre-Wedding ដ៏ស្រស់ស្អាតបានចេញមកបណ្ដើរៗហើយ។
លោក សុខ សប្បាយណា គឺជាក្មួយប្រុសបង្កើតសម្ដេចវិបុលបញ្ញា សុខ អាន បានភ្ជាប់ពាក្យជាមួយកូនក្រមុំដ៏ស្រស់សោភាម្នាក់កាលពីឆ្នាំមុន ហើយទទួលបានការសាទរពីយុវជន ព្រមទាំងសាច់ញាតិច្រើនខ្លាំង។ សុខ សប្បាយណា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានបញ្ចេញរូបភាព Pre-Wedding ដែលផ្ដិតនៅខេត្តព្រះវិហារ។
ទីតាំងថតមាននៅព្រះវិហារ និងកោះកេរ ដែលសុទ្ធសឹងជាសម្បត្តិបេតិកភណ្ឌពិភពលោក មានទាំងប្រាសាទ និងទេសភាពស្រស់បំព្រង ហើយក៏បានបង្ហាញកន្លែងស្អាតៗមិនធ្លាប់ឃើញពីមុនមកឲ្យមហាជនកាន់តែចង់ទៅលេងសកម្សាន្តនៅប្រាសាទទាំង ២ ផងដែរ។
លោក សុខ សប្បាយណា ជាត្រកូលអភិជន និងអ្នកមានមុខមាត់ក្នុងប្រទេស ហើយក៏ជាមនុស្សសុភាពរាបសារ ទទួលបានការគោរពស្រលាញ់ច្រើនពីសំណាក់អ្នកធ្លាប់រួមការងារ។ មិនតែប៉ុណ្ណោះលោក ក៏ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការនីមួយ ព្រមទាំងមានចំណែកចូលរួមក្នុងកម្មវិធីថ្នាក់ជាតិសំខាន់ៗជាច្រើន។
សុខ សប្បាយណា និងគូស្នេហ៍ដែលជាអ្នកជំនួញមួយរូបដែរនោះ ជាគូបែបសាមញ្ញៗទាំងជីវិតរស់នៅ និងរបៀបរបស្លៀកពាក់។ ទោះជាស្ថិតក្នុងត្រកូលអភិជន តែសម្លៀកបំពាក់ក្នុងរូបភាព Pre-Wedding នៃអ្នកទាំង ២ ឃើញថា ធម្មតាៗ តែថ្លៃថ្នូរ សមនឹងវង្សត្រកូល ព្រមទាំងឋានៈមុខមាត់ក្នុងសង្គមដូចគ្នា៕
រូបភាព៖ The Ring Wedding Cambodia