នៅតាមវត្តអារាមឃើញមានពុទ្ធបរិស័ទ្ធប្រុសស្រីច្រើនកុះករ នាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនាពិធីបុណ្យកាន់បិណ្ឌឆ្នាំ ២០២៤ នេះ។ ក្នុងនោះយើងសង្កេតឃើញថា យុវជន និងយុវនារីខ្មែរកាន់តែយល់ដឹងពីការតុបតែងខ្លួន និងជ្រើសរើសសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួន ដោយមានបង្ហាញពីអត្តញ្ញាណជាតិ។
នារីៗបានស្លៀកសម្លៀកបំពាក់អាវប៉ាក់ស សំពត់បត់ហូលផាមួងខ្មែរ រីឯប្រុសៗបានជ្រើសរើសអាវស ខោខ្មៅ ឬពណ៌ទឹកប៊ិចក្រមៅមើលទៅសង្ហា មើលយ៉ាងណាក៏ដឹងថាជាកូនចៅខ្មែរ។ បើទោះជាគ្មានសម្លៀកបំពាក់ហូលអាវប៉ាក់ តែអ្នកខ្លះ បានស្លៀកសំពត់ខ្មៅ អាវសធម្មតា ធ្វើយ៉ាងណាមិនឲ្យខុសពីទំនៀមទម្លាប់។
ចំណុចពិសេសដែលកូនខ្មែរប្រុសស្រីជំនាន់ក្រោយធ្វើបែបនេះ បង្ហាញពីការយល់ដឹង និងចេះចង់ថែរក្សាអ្វីជាសម្បត្តិវប្បធម៌របស់ខ្មែរ ទុកឲ្យក្មេងៗ។ ដោយមានអ្នកនិយាយថា ឆ្នាំ ២០២៤ នេះឃើញថាសមសួន និងត្រូវនឹងកាលៈទេសៈការធ្វើបុណ្យ គឺត្រូវស្លៀកពាក់អាវស និងមានរបៀបរៀបរយក្នុងសង្គមខ្មែរ។
អ្វីដែលកាន់តែធ្វើឲ្យស្ញប់ស្ញែងចំពោះយុវជនខ្មែរ គឺមានសទ្ធាជ្រះថ្លាក្នុងការចេះធ្វើបុណ្យទាន ព្រោះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ ក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។
តាមជំនឿ អំណាចកុសលផលបុណ្យ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំនេះ នឹងជួយយឹតយោងដួងវិញ្ញាណក្ខន្ធបុព្វការីជន និងញាតិកាទាំង ៧ សន្ដាន ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ហើយបានទៅកាន់សុគតិភព និងងាកក្រោយឲ្យពរកូនចៅម្ចាស់សទ្ធាទាំងឡាយ ជួបតែសេចក្ដីសុខសេចក្ដីចម្រើន និងបានបន្តរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕
ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK