កាលពីថ្ងៃទី២៤ ខែកញ្ញា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកាត់ខ្សែបូរសម្ពោធស្តង់ពិព័រណ៍កម្ពុជា ដែលរៀបចំតាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង ប្រទេសចិន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញានេះ។
ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ព្រឹត្តការណ៍នេះ ជាវេទិកាដ៏ធំមួយដែលថ្នាក់ដឹកនាំកំពូលៗក្នុងតំបន់អាស៊ានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយ និងជំរុញសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយការទូត ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន និងជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយតំបន់រវាងមហាយក្សចិន និង អាស៊ាន។
ពិព័រណ៍ចិន-អាស៊ានលើកទី២១ នេះដែរ ក៏ឱកាសដ៏ល្អមួយបើកឲ្យមានការជួបប្រាស្រ័យទាក់ទងគ្នា ផ្គួរផ្គងគ្នាក្នុងការធ្វើជាដៃគូពាណិជ្ជកម្ម ការវិនិយោគក៏ដូចជា ការផ្សព្វផ្សាយផលិតផលរបស់ខ្មែរ ទៅក្នុងទីផ្សារតំបន់អាស៊ាន ជាពិសេសទីផ្សារចិនតែម្តង។ ស្ថិតក្នុងវេទិកានេះ លោក វង្សី វិស្សុត បានលើកទឹកចិត្តពាណិជ្ជករ និងអ្នកវិនិយោគចូលរួមជំរុញការនាំចេញផលិតផលកសិកម្មខ្មែរឱ្យកាន់តែច្រើន ដើម្បីជួយដល់កសិកឱ្យមានជីវភាពកាន់តែប្រសើឡើង។
នៅក្នុងឆ្នាំ២០២៤នេះដែរ ពិព័រណ៍ចិន-អាស៊ានលើកទី២១ មានការចូលរួមតាំងបង្ហាញផលិតផល និងសេវាក្រុមហ៊ុន/សហគ្រាស សរុបមានចំនួន ៥៨ ក្រុមហ៊ុន ស្មើនឹង ៨៩ស្តង់ ក្នុងនោះដែរមានការដាក់តាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខ មានដូចជា អង្ករ ម្រេច ស្វាយ គ្រប់ស្វាយចន្ទីរ មៀនប៉ៃលិន សាប៊ូ ស្រាបៀរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ គ្រឿងអលង្ការ ក្រណាត់ និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្មជាច្រើនទៀត។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួល និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មចំនួន ៨៩ស្តង់ និងមាន ៥៨ក្រុមហ៊ុនបានចូលរួម ដោយបានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលសម្គាល់ភូមិសាស្រ្ត ផលិតផលកសិកម្ម ឧស្សាហកម្ម វាយនភ័ណ្ឌ សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគ និងទេសចរណ៍ ជាដើម។ល។ បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំផ្ទះរួម (Common House) ទំហំ ៥៤ម៉ែត្រការ៉េ ដើម្បីដាក់តាំងបង្ហាញ ផលិតផលសក្តានុពលកម្ពុជា និងមានការវេចខ្ទប់ប្រណិត ជូនភ្ញៀវទស្សនា និងជាទីតាំងផ្សព្វផ្សាយ CambodiaTrade.com ផងដែរ។
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី