ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក សម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។
មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។
បើតាមសេចក្តីប្រកាសព័ត៌មានធនាគារពិភពលោក គម្រោងដែលមានរយៈពេលប្រាំមួយឆ្នាំនេះនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួន ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
តាមការរំពឹងទុក និស្សិតប្រហែល ៣២ ០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣ ០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានារបស់កម្មវិធី ដែលរួមមាន ការអាប់ដេតកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូឧទ្ទេស និងការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ។
លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការចូលរួមការវិនិយោគលើសុខភាព និងការអប់រំមូលដ្ឋានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និងការរៀបចំបណ្តុះបណ្តាលឱ្យបានច្រើននូវនិស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់ នឹងអាចជួយកម្ពុជាក្នុងការបង្កើនភាពជឿនលឿននៃធនធានមនុស្សសម្រាប់កំណើតនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន»។
ធនាគារពិភពលោកបញ្ជាក់ថា គម្រោងនេះជាកិច្ចបន្តពីវឌ្ឍនភាពយ៉ាងច្រើនដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមក ក្នុងការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារ នៅក្នុងបរិបទបច្ចុប្បន្នដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម