សហព័ន្ធស្រូវអង្ករកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Otis McAllister Inc នៅទីក្រុហសាន់ហ្វ្រាន់ស៊ីស្កូ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីចុះហត្ថលេខាធ្វើឡើងក្រោមវត្តមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដោយឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងដោយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិនៃក្រុមហ៊ុន Otis McAllister Inc។
ការចុះអនុស្សារណៈនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ រួមមាន៖ អង្ករផ្កាម្លិះកម្ពុជា អង្ករសែនក្រអូបប្រភេទ SKO និង SRO ក៏ដូចជាអង្ករខ្សាយមួយចំនួនទៀត ជាមួយនឹងតម្លៃប្រកួតប្រជែង និងធានាការដឹកជញ្ជូនទាន់ពេលវេលា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា បន្ទាប់ពីការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ វត្តមានអង្ករក្រោមស្លាកសញ្ញា “ផលិតនៅប្រទេសកម្ពុជា” រំពឹងថានឹងមានចំនួនកាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក ជាពិសេស ក្នុងចង្កោមអាជីវកម្មផ្សារទំនើបខ្នាតយក្សដូចជា Costco និង WalMart ជាដើម៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC