លោក ហួត ហាក់ ដែលទើបចូលកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី បានប្រកាសទទួលរាល់កង្វល់នានា បញ្ហាប្រឈម សំណូមពរក្នុងវិស័យទេសចរណ៍ដើម្បីឲ្យលោកយកទៅពិភាក្សាលម្អិតបន្ថែម ឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា។
ការប្រកាស្វាគមន៍របស់លោកធ្វើឡើងក្នុងពេលជួបជាមួយគណៈប្រតិភូសមាគមទេសចរណ៍កម្ពុជា CATA ដែលមានសមាជិកចំនួន៤០០ក្រុមហ៊ុន និងក្រុមការងារ CAM-DMC (Cambodia Destination Management Companies) មកពី ១៨ក្រុមហ៊ុនទេសចរណ៍ ដែលជំនួបនេះធ្វើឡើងដាច់ដោយឡែកពីគ្នា គឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីចូលកាន់តួនាទីរដ្ឋមន្រ្តី ជំនួសលោក សុខ សូកេន ទៅកាន់រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។
នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបជាមួយក្រុមការងារ CAM-DMC (Cambodia Destination Management Companies) ដោយពិភាក្សាអំពីសកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។
ក្នុងឱកាសនោះលោកបានទទួលយករាល់ធាតុចូល បញ្ហាប្រឈម សំណូមពរ ហើយប្រាប់ថានឹងយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង អន្តរក្រសួង ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា។
រសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបគណៈប្រតិភូសមាគមទេសចរណ៍កម្ពុជា ហើយបានទទួលយកបញ្ហាប្រឈម និងសំណូមពរនានារបស់សមាគម ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ព្រោះកម្ពុជា សម្បូរធនធានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ៕
អត្ថបទ៖ ផល កុសល រូបភាៈ៖ ក្រសួងទេសចរណ៍