គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាសរុប ២១លានដុល្លារអាមេរិក។
តាមរយៈសារពិសេសនៅព្រឹកថ្ងៃចន្ទនេះ សម្តេច ហ៊ុន ម៉ាណែត បានឲ្យដឹងថា មកដល់ពេលនេះ មូលនិធិមានអ្នកចូលរួមប្រមាណ៧០ម៉ឺននាក់ គិតជាថវិកា សរុបប្រមាណ ២១លានដុល្លារអាមេរិក ហើយវិភាគទានស្ម័គ្រចិត្តទាំងនេះនឹងយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសផ្លូវក្រវាត់ព្រំដែន។
សម្តេចបានសង្កត់ធ្ងន់ថា ដោយសារមើលឃើញចលនាចូលរួមបរិច្ចាគទៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននៅតែមានជាហូរហែ ក្រុមការងារមូលនិធិនៅបន្តទទួលយករហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ នៅពេលបិទបញ្ចប់ក្រុមការងារនឹងជម្រាបជូនដំណឹងទិន្នន័យចុងក្រោយ រួមជាមួយផែនការច្បាស់លាស់ក្នុងការប្រើប្រាស់មូលនិធិនេះដោយឈរលើគោលការណ៍តម្លាភាពនិងគណនេយ្យភាព។
សម្តេចនាយករដ្ឋមន្ត្រី បានរំលេចឲ្យដឹងថា ចាប់តាំងឆ្នាំ១៩៩៤ មករាជរដ្ឋាភិបាលបានជំរុញកសាងផ្លូវក្រវាត់ព្រំដែនជាមួយ ប្រទេសជិតខាងទាំងបីដែលរួមមាន វៀតណាម ឡាវ និងថៃ រហូតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ ១ ៣០០គីឡូម៉ែត្រ និងនៅសេសសល់ប្រមាណ១៣០០គីឡូម៉ែត្រ ត្រូវសាងសង់បន្ត។
សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាបានប្រកាសសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA ដែលបានអនុវត្តរយៈពេល ២៥ឆ្នាំ មកហើយ និងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី