ថ្មីៗនេះវីដេអូនៃក្រុមហ៊ុន Singapore Airline នៃប្រទេសសិង្ហបុរីផ្ទុះការគាំទ្រខ្លាំង ក្រោយឃើញពីសកម្មភាព flight stewardess (អ្នកបម្រើការហោះហើរ) ដើរលេងយ៉ាងសប្បាយរីករាយនៅខេត្តសៀមរាប។
ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline បានជ្រើសរើសយកខេត្តសៀមរាបរបស់ប្រទេសកម្ពុជា ជាគោលដៅផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងវីដេអូដំណើរកម្សាន្តនៃកម្មវិធី Beyond the cabin រដូវកាលទី២ របស់ពួកគេ។
ក្នុងវីដេអូមួយនោះ រំលេចផ្ទាំងទស្សនីយភាពជាច្រើននៅក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៃខេត្តសៀមរាបប្រទេសកម្ពុជាដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន របាំ អប្សរា ក្បាច់គុនល្បុក្កតោ ការសម្ដែងល្ខោនស្បែកធំ ការសម្ដែងសៀក ការបង្ហាញឧបករណ៍តន្ត្រីខ្មែរបុរាណ ដូចជា ស្គរធំ មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូក៏បានបង្ហាញពីការរស់នៅរបស់ប្រជាជនក្នុងតំបន់តាមរយៈការស្មូនឆ្នាំងដី និងចម្លាក់ដោយដៃផងដែរ ជាពិសេសទៅទៀតនោះក៏បានបង្ហាញទីតាំងកម្សាន្ត Pub-Street និងផ្សាររាត្រី ព្រមទាំងម្ហូបអាហារក្នុងតំបន់ផងដែរ។
នេះបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាគឺជាប្រទេសមានសក្ដានុពលខ្លាំងផ្នែកវិស័យទេសចរណ៍ច្រើនកន្លែងដែរ ទើបអាចទាក់ទាញក្រុមហ៊ុនដ៏ធំបំផុតរបស់សិង្ហបុរីនោះ មកផ្ដិតយករូបភាពស្អាតៗនោះចូលក្នុងកម្មវិធី។
វីដេអូមួយនេះដែរមានចំនួនអ្នកចូលទស្សនា និងចែករំលែកយ៉ាងច្រើនខ្លាំង ក្រោយបង្ហោះនៅលើហ្វេសបុករបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline នេះក៏ជាចំណែកមួយដែលអាចបញ្ជ្រាបទៅដល់ភ្ញៀវអន្តរជាតិឲ្យបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ និងច្រើនទូលំទូលាយជាងមុនៗផងដែរ ព្រមទាំងជួយដល់សេដ្ឋកិច្ចជាតិផងដែរ៕