ប្រហែលជា ២ឆ្នាំមុន មហាជនពិតជានៅចាំពីទិដ្ឋភាពមង្គលការចៅស្រីឯកឧត្ដម ជា សុផារ៉ា និងកូនប្រុសសេដ្ឋី លាង ម៉េង ដែលជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលស្អាត ប្រណីតគ្មានពីរនៅស្រុកខ្មែរ។
គូស្នេហ៍ទាំង ២ នៅតែស្ថិតក្នុងក្រសែភ្នែកមហាជនដែលតែងតែតាមដានពីជីវិតសេដ្ឋីៗ និងអភិជនក្នុងប្រទេសនោះ ពិតជាចង់ដឹងចង់ឃើញពីរូបភាព ឬសកម្មភាពថ្មីៗនៃកូនប្រុសអ្នកឧកញ៉ា លាង ម៉េង គឺទាយាទវាល់លាន អ៊ឹង ឬទ្ធី និងភរិយា ផន សុផានីសា។
លោក អ៊ឹង ឬទ្ធី និង ផន សុផានីសា គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែម និងស្រស់ស្អាត រម្យទមសមគ្នាគ្មានចន្លោះ។ ស្ថិតក្នុងត្រកូលអភិជន និងមន្ត្រីច្រើនជំនាន់ នីសា និង ឬទ្ធី មិនខុសពីកូនអ្នកមានៗដទៃទៀតឡើយ ឲ្យតែទំនេរគឺទៅកម្សាន្តក្រៅប្រទេសនាកន្លែងស្អាតៗ ឬចូលរួមទស្សនាកម្មវិធីលក្ខណៈអន្តរជាតិដូចជាប្រណាំងឡាន F1 World Cup ជាដើម។
ប្ដីប្រពន្ធស្រគត់ស្រគំគូនេះ ឧស្សាហ៍បង្ហាញវត្តមានក្នុងកម្មវិធីផ្សេងៗរបស់លំដាប់សេដ្ឋីដូចគ្នាមិនថាមង្គលការ ខួបកំណើតឡើយ ហើយតែងតែរួសរាយដល់អ្នកដែលសុំថតរូបជាមួយគ្រប់គ្នាព្រមទាំងមិនបង្ហាញឫកពាបញ្ជាក់ពីភាពរើសអើងអ្នកដទៃឡើយ។
អ្នកនាង នីសា និងស្វាមីមិនត្រឹមតែសុភាពនៅខាងក្រៅឡើយ នៅក្នុងបណ្ដាញសង្គមវិញ ក៏មិនចេះអួតសំញែងសម្ភារៈនិយាយដែរ គឺភាគច្រើនបង្ហោះតែសកម្មភាពពេលដើរលេង និងចូលរួមកម្មវិធីខ្លះៗនៃសាច់សាលោហិត។ គ្មានឡើយអួតកាបូប ឡានស៊េរីទំនើប ឬមាសពេជ្រ ភាគច្រើនចំណងជើងនៃរូបដែលកូនប្រសាស្រីសេដ្ឋីប្រចាំស្រុកខ្មែរនិយាយតែភាពផ្អែមល្ហែមនៃជីវិតគូតែប៉ុណ្ណោះ។
រយៈពេលជាង ២ ឆ្នាំនៃជីវិតមង្គលការ ដ៏មានសុភមង្គល ប្ដីប្រពន្ធគូនេះមិនទាន់មានកូនបន្តវេនឡើយ ដោយចៅស្រីឯកឧត្ដម ជា សុផារ៉ា និងកូនប្រុសអ្នកឧកញ៉ា លាង ម៉េង បន្តសោយសុខ និងផ្អែមល្ហែមឲ្យយូរសិន។
គួរបញ្ជាក់ថាកាលពីអំឡុងខែកក្កដា ឆ្នាំ ២០២២ មង្គលការអ្នកទាំង ២ ត្រូវបានគេចាត់ទុកថាជាកម្មវិធីល្អឥតខ្ចោះទាំងឋានៈការរៀបចំ និងទទួលបដិសណ្ឋារកិច្ច និងសម្លៀកបំពាក់។ មិនត្រឹមថ្ងៃមង្គលការឡើយសូម្បីតែកម្មវិធី Proposal និង Pre-Wedding ក៏ចេញមកលក្ខណៈសមឥតទាស់ទាំងផ្កា ទីកន្លែង ពិសេសស្នេហាដែលមិនត្រឹមក្រុមគ្រួសារទាំងសងខាងទទួលស្គាល់ពេញចិត្តឡើយ សូម្បីតែអ្នកលេងបណ្ដាញសង្គមក៏ដូចគ្នា៕