ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារក្នុង ១ខែ ដែលចំនួននេះមានការកើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងថា តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ ជាលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ដែលមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
ទោះជាយ៉ាងនេះក៏ដោយ សម្តេច ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ទៅលោក ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។ ជាមួយគ្នានេះ សម្តេចបានឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។
សម្តេចបានបញ្ជាក់ថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង។
សម្តេចបន្តថា ក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះសម្តេចនាយករដ្ឋមន្រ្តីសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា សម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។
បន្ថែមពីនេះ សម្តេចក៏បានវាយតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ: និងស្មារតីរួម៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងការងារ