លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ក្រសួងសាធារណការនឹងជំរុញការប្រើប្រាស់យានយន្ដអគ្គិសនីឱ្យបាន ៤០% នៅត្រឹមឆ្នាំ២០៥០ និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា បានលើកឡើងថា ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្តប្រភេទប្រេងឥន្ធនៈ ហើយជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាននឹងកំពុងខិតខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាលបានកំណត់ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យ ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០% នៅត្រឹមឆ្នាំ២០៥០។
លោកបញ្ជាក់ថា កំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនៅកម្ពុជានឹងអាចជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា។
បើតាមលោក ប៉េង ពោធិ៍នា យានយន្ត គឺជាមធ្យោបាយចម្បងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅទូទាំងប្រទេស ហើយនាពេលបច្ចុប្បន្នអត្រានៃការប្រើប្រាស់យានយន្តនៅកម្ពុជាឃើញថា មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត។ ក្នុងចំណោមយានយន្តសរុបជាង ៧,៥លានគ្រឿង មានទោចក្រយានយន្តប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល ដែលជាប្រភេទរថយន្តទេសចរណ៍មានប្រមាណ ១០% និងរថយន្តប្រើប្រាស់ប្រើប្រាស់ឥន្ធនៈធុនធ្ងន់ ដែលជាប្រភេទរថយន្តដឹកទំនិញនិងគ្រឿងចក្រមានប្រមាណ ៥%។
លោកបានបញ្ជាក់បន្ថែមថា ការបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី នឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុងសកលលោកប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុនអាយុពីប្រមាណ ៥,៤លាននាក់ នៅឆ្នាំ ២០២០ មកត្រឹមប្រមាណ ២,៨លាននាក់នៅឆ្នាំ២០៥០។
យោងតាមទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែសីហា ឆ្នាំ២០២៤ យានយន្តដែលបានចុះបញ្ជីមានចំនួនសរុបចំនួន ៧,៥៤លានគ្រឿង ក្នុងនោះ មានយានយន្តអគ្គិសនីសរុប ៣.៦៧៦គ្រឿង។ ចំណែកទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១កន្លែង ដែលមានទូរបញ្ចូលថាមពលយានយន្តអគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧ទូរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ