កាលពីប៉ុន្មានឆ្នាំមុនអាជីវកម្មរបស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅរបស់ឧកញ៉ា សម្បត្តិ និងភរិយា ពិតជាមានដំណើរការល្អខ្លាំងណាស់ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ មិនសូវមានសន្ទុះខ្លាំងក្លាដូចពីមុនឡើយ។ ថ្មីៗនេះទៀតសោតម្ចាស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅគឺជាអ្នកជំនួញល្បីល្បាញមួយរូបឧកញ៉ា អ៊ុច សម្បត្តិ បានប្រកាសលក់ភូមិគ្រឹះធំសម្បើមរបស់ខ្លួន។
កាលពីដើមខែអ្នកជំនួញជើងចាស់រូបនេះ បានប្រកាសលក់ភូមិគ្រឹះស្កឹមស្កៃតំបន់ភ្នំពេញថ្មី តម្លៃ ៣ លានដុល្លារ មកលក់បន្ទាន់ត្រឹមតែ ១.៥ លានដុល្លារតែប៉ុណ្ណោះ។ ការប្រកាសលក់ភ្លាមៗ ហើយតម្លៃក្រោមទីផ្សារច្រើនបែបនេះ មិនខ្វះឡើយអតិថិជនដែលចូលមកមើលមិនដាច់ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកសេដ្ឋីរូបនេះបញ្ជាក់ថា ការប្រកាសលក់ត្រឹមរយៈពេលជាង ១០ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមាននាយទុនជាច្រើនបណ្ដាក់គ្នា ចូលមកចែចូវភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះ។ ឧកញ៉ា សម្បត្តិ បញ្ជាក់យ៉ាងច្បាស់ថា ភូមិគ្រឹះដ៏ទំនើបមួយនោះ លោកពិតជាស្រលាញ់ខ្លាំងណាស់ ណាមួយខំសាងមកពីបាតដៃខ្លួនឯង និងគ្រួសារ។
ភូមិគ្រឹះអ្នកឧកញ៉ា សម្បត្តិ មានទំហំដី ១៩១៧ ម៉ែត្រការ៉េ ក្បាល ៦៥ ម៉ែត្រ កន្ទុយដី ៣០ ម៉ែត្រ ជម្រៅ ៥១ ម៉ែត្រ ទំហំផ្ទះ ក្បាល ១៩,៥ ម៉ែត្រ ជម្រៅ ២២,៥ ម៉ែត្រ កំពស់១៨,៥ ម៉ែត្រ ដោយសាងបន្តប្រហែល ៣ ខែទៀតរួចរាល់ជាស្រេច។
គួរបញ្ជាក់ផងដែរ របរ ២៥០០ រៀល នៅក្នុងសួនកម្សាន្ត Dream Land កាលពីជាង ១០ ឆ្នាំមុន បានធ្វើឲ្យជីវិតអគ្គនាយិកា ហ៊ឹម សុភ័ក្រ ក្រុមហ៊ុនគ្រួសារកក់ក្ដៅរីកធំធាត់ឡើងៗរហូតកើតជាក្រុមហ៊ុនគ្រឿងសម្អាងល្បីសុះសាយពេញប្រទេស៕